ភ្នំពេញ: ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៧ ត្រង់ចំណុចមុខផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានរេចង្កូតទៅបុករទេះលក់សាច់អាំង កំពុងចតអែបចិញ្ចើមផ្លូវប៉ើង ទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលរងការខូចខាតយ៉ាងដំណំ។
មុនពេលកើតហេតុគេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីយោធាបើករថយន្តម៉ាក ISUZU ពណ៌ត្រីអ៊ីពាក់ស្លាកលេខខេមរ:ភូមិន្ទ 01 .2.2599 ធ្វើដំណើរពីជើងទៅត្បូង ទំនងជាស្រវឹងស្រា បើកលឿនដូចហោះ។ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករទេះលក់សាច់អាំង កំពុងឈប់អែបចិញ្ចើមផ្លូវទាំងកម្រោលពេញទំហឹង ប៉ើងទៅផ្ទប់កង់បីមួយគ្រឿងទៀត បណ្ដាលរងការខូចខាតរប៉ាតរប៉ាយពេញផ្លូវ ខណ:ម្ចាស់រទេះលក់សាច់អាំងរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ចំណែករថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងបែកកង់មុខខាងស្ដាំ តាមបណ្ដោយផ្លូវ១៩៨៦ ដោយរថយន្តទៅមុខលែងរួច ម្ចាស់បានបើកទ្វារចុះឡើងរថយន្តមួយគ្រឿងទៀត ជិះចេញទៅបាត់បន្សល់ទុករថយន្តចោល។ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកវាស់វែង ស្ទូចរថយន្តបង្ក និងរទេះលក់សាច់អាំង ទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕
0
បុរសម្នាក់ ស្រវឹងស្រា បើករថយន្តមួយគ្រឿង បុករទេះលក់សាច់អាំង កំពុងចតអែបចិញ្ចើមផ្លូវប៉ើង ទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់ម្នាក់
Filed in: ព័ត៌មានថ្មីៗ