រាជធានីភ្នំពេញ÷ នារសៀលថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ការងារ ត្រួតពិនិត្យបញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណ្ឌមានជ័យ ។
ក្នុងនោះសមាសភាពចូលរួមមាន÷
១. លោក ឃុន រតនា អធិការរងនគរបាលខណ្ឌមានជ័យ ។
២. លោក ឡាក់ ស៊ីដេត មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌមានជ័យ ។
៣. លោកស្រី រស់ ថូ ប្រធានការិយាល័យ សង្គមកិច្ច និង សុខមាលភាពសង្គម ខណ្ឌមានជ័យ ។
៤. លោក លោកស្រី អនុប្រធាន ការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គមខណ្ឌមានជ័យ ។
៥. លោក ទិត ផានិត អនុប្រធានការិយាល័យ សេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ខណ្ឌមានជ័យ ។
៦. លោក លោកស្រី ចៅសង្កាត់ទាំង៧ ។
៧. ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ ។
នាឱកាសនោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើ ប៉ុស្តិ៍រដ្ឋបាលទាំង៧ ធ្វើសេចក្តីរាយការណ៍ អំពីបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន ក្នុងការបង្ក្រាបរយះពេលកន្លងមក និង លើកឡើងពីបញ្ហាប្រឈម នានា ពាក់ព័ន្ធទៅនឹងគ្រឿងញៀនក្នុងមូលដ្ឋានសង្កាត់ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា បញ្ហាគ្រឿងញៀនយើងមិនត្រូវមើលរំលងលើការងារនេះទេ ចំពោះអ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើនប្រើប្រាស់នៅតាម ផ្ទះសំណាក់ ផ្ទះជួល ក្លឹបកំសាន្ត ខារ៉ាអូខេ ជាពិសេសនៅកន្លែងសំណង់មិនរៀបរយដែលជាកន្លែងប្រមូលផ្តុំគ្នា ជួបជុំគ្នា ជក់ ចែកចាយ គ្រឿងញៀនជាដើម ក្នុងនាមអាជ្ញាធរគឺត្រូវ តាមដានត្រួតពិនិត្យអោយជាប់ជាប្រចាំដើម្បីឈានទៅដល់ការបង្រ្កាបយ៉ាងមានប្រសិទ្ធភាពធានាអោយបានសន្តិសុខសង្គមផង និង សុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានផង ម្យ៉ាងវិញទៀត លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានបន្តទៀតដែរថាបញ្ហាប្រឈម គឺបណ្តាលមកពី ៖
– អ្នកញៀនគ្រឿងញៀន និងគ្រួសាររបស់ពួកគេមានការលាក់បាំងមិនព្រមទទួលស្គាល់ការពិត និងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ។
– អ្នកញៀនគ្រឿងញៀនមួយចំនួនជាប្រជាពលរដ្ឋចល័ត ខ្លះផ្លាស់ទីលំនៅញឹកញាប់ ។
– មានការអូសទាញខ្លាំងពីក្រុមជួញដូរ ។
– ជនរងគ្រោះដោយគ្រឿងញៀន នៅមានការភ័យខ្លាចចំពោះអាជ្ញាធរមានសមត្ថកិច្ច ។
– មានការមាក់ងាយ និងរើសអើងដល់ជនរងគ្រោះដោយគ្រឿងញៀន ។
– មានគោលដៅមួយចំនួនដូចជា តំបន់សំណង់មិនរៀបរយ និងតាមផ្ទះជួល នៅ តែមានភាពស្មុកស្មាញដល់សមត្ថកិច្ច ។
– កម្លាំងនិងមន្រ្តីជំនាញ នៅមានកំរិត ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដាក់ចេញនូវវិធានការ ម៉ឺងម៉ាត់ ជូនដល់សមត្ថកិច្ចពាក់ពន្ធ័រួមទាំងសង្កាត់ទាំង៧ ត្រូវអនុវត្តលើផែនការ ៨ ចំនុច រួមមាន ៖
១- ពង្រឹងការងារត្រួតពិនិត្យគ្រឿងញៀន នៅតាមមូលដ្ឋាន សង្កាត់ ជាប់ជាប្រចាំ ។
២- បើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនដោយកំណត់មុខសញ្ញាតាម សង្កាត់នីមួយៗ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
៣- បង្កើតវេទិកាសាធារណៈ ដោយបញ្ចូលបញ្ហាគ្រឿងញៀនទៅដល់សាធារណះជនបានដឹងយ៉ាងទូលំទូលាយ ។
៤- ត្រូវបំផុសអ្នកប្រើប្រាស់គ្រឿងញៀនអោយចូលរួមការព្យាបាល និង បន្សាប ។
៥- ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មាន វិភាគបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីមានវិធានការ ទប់ស្កាត់ ល្បាត និងបង្រ្កាបតាមនិតិវិធី ។
៦- ត្រូវខិតខំក្តាប់អោយជាប់នូវសភាពការណ៍បទល្មើសគ្រឿងញៀន ក្រុមមេក្លោង បញ្តាញខ្សែរយៈ និងប្រភពគ្រឿងញៀន ទីផ្សារងងឹត ដោយគិតទាំងគោលដៅចល័ត គោលដៅសំណង់មិនរៀបរយ ផ្ទះជួល ផ្ទះសំណាក់ ក្លឹបកំសាន្ត ខារ៉ាអូខេ រង្គសាល ខុនដូ ។
៧- បន្តសហការស្រាវជ្រាវមុខសញ្ញាថ្មី ដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋាន ដើម្បីឈានដល់ការបង្រ្កាប ។
៨- ពង្រឹងពង្រីក កំលាំង កសាងបណ្តាញ អោយបានគ្រប់គ្រាន់ដើម្បីចុះតាមដានក្តាប់សភាពការណ៍ ពិសេសតំបន់កំសាន្តសប្បាយភាព ក្នុងមូលដ្ឋាន ។