ព្រះសីហនុៈ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មនុស្សមួយគ្រួសារ មានប្តី ប្រពន្ធនិងកូន បានស្លាប់ក្នុងផ្ទះជួល ខណៈដែលប្រពន្ធ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ សមត្ថកិច្ចដាក់ការសង្ស័យជំហានដំបូងថា ជាអំពើឃាតកម្ម អាចប្រពន្ធដាក់ថ្នាំបំពុលប្តី និងកូន រួចធ្វើអត្តឃាតខ្លួនឯងតាមក្រោយ។
មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់២ បានទទួលព័ត៌មានថា នៅផ្ទះជួលរបស់ឈ្មោះ យ៉ាន់ សុផុន ភេទស្រី អាយុ៦៥ឆ្នាំ មានមនុស្សដេកស្លាប់ក្នុងផ្ទះជួល ដោយមានចាក់សោជាប់ពីខាងក្នុង។ ភ្លាមៗនោះ កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ឃើញថា ទ្វារផ្ទះត្រូវបានម្ចាស់ផ្ទះជួល និងសាច់ញ្ញាតិជនរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋ កំពុងនាំគ្នាគាស់ រួចចូលទៅក្នុងផ្ទះ ឃើញមានមនុស្ស២នាក់ ដេកស្លាប់ក្នុងបន្ទប់ ( ឪពុក និងកូនស្រី ) ចំណែកម្តាយនៅមានដង្ហើម រួចក៏បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយមកបានស្លាប់នៅវេលាម៉ោង១១៖២០នាទីយប់ថ្ងៃដដែល។
ជនរងគ្រោះទី១-ឈ្មោះ ខេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមេការជាង កញ្ចក់ត្រូវជាប្តី (ស្លាប់), ទី២-ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជា កូន (ស្លាប់) និងទី៣-ឈ្មោះ ម៉ឹង សុផល ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ អ៊ុតសក់ (ស្លាប់នៅ មន្ទីរពេទ្យបង្អែកខេត្ត )។
តាមការធ្វើកោសល្យវិច័យបឋមលើសាកសព កម្លាំងជំនាញបានសន្និដ្ឋានជំហានដំបូងថា ជា ករណីធ្វើអត្តឃាត អាចប្រពន្ធដាក់ថ្នាំពុលសម្លាប់ប្តី និងកូន រួចធ្វើអត្តឃាតខ្លួនឯងជាក្រោយ ហើយតាមការស្រាវជ្រាវក្រុមគ្រួសារនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាឡើយ។
សាកសពបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឥន្ទញ្ញាណហៅ វត្តក្រោម ស្ថិតក្នុង សង្កាត់៣ ក្រុងព្រះសីហនុ ដើម្បីបន្តតាមនីតិវិធី៕