ខេត្តរតនគីរី៖ ខណៈដែលប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែននៅព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២០នេះបានចេញសារបង្ហោះលើផេកផ្លូវការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
ក្នុងសារនេះសម្តេចហ៊ុន សែនបានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្តឱ្យតាមដានឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សម្តេចហ៊ុនសែនបានកត់សម្គាល់ឃើញថាការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងនោះ សម្តេចបានរំលឹកដូច្នេះ«ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត-រាជធានីទាំងអស់ឱ្យបានជ្រាបសូមចុះតាមដានត្រួតពិនិត្យនៅទីតាំងលក់ដូរទាំងអស់ទាំងផ្សារទាំងអគារលក់ដូរនានាហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនាៗដែលចេញដោយក្រសួងសុខាភិបាល។
ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេសូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន ព្រោះយើងគ្មានជម្រើសណាផ្សេងឱ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ដែលយើងសង្កេតនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ»។
ក្នុងសារនេះសម្តេចហ៊ុន សែន បន្ថែមថា «ក៏ប៉ុន្តែការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋានខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ សង្កាត់ គឺជាការថ្លោះធ្លោយមួយដែលបណ្តាលឱ្យកើតមានរឿងឆ្លងតាមសហគមន៍នេះមួយផ្នែកផងដែរ។
ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លងលុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ។ដូច្នេះហើយខ្ញុំស្នើអនុវត្តន៍ឱ្យបានម៉ត់ចត់ម៉ឺងម៉ាត់ជាមួយនឹងការអនុវត្តន៍នូវគម្លាតសង្គម គម្លាតសុវត្ថិភាព ដែលក្នុងណុងគឺគម្លាតពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ បន្ថែមទៅដោយការពាក់ម៉ាស»។
សម្តេចក៏បានស្នើសុំដោយទទូចទៅកាន់ប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាពគម្លាតបុគ្គលជាដើម។បើតាមសម្តេច«ខ្ញុំស្នើសុំដោយទទូចចំពោះហាងលក់ដូរទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ហើយការចូលទៅហាង ឬការទទួលទាននានា ក៏ត្រូវអនុវត្តន៍ទៅតាមគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល»។
សម្តេចហ៊ុន សែនបានថ្លែងថា សម្តេចបានព្រាងនូវព្រះរាជក្រឹត្យនិងសារលិខិតរួចរាល់ហើយក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែសម្តេចមិនចង់នោះឡើយ ព្រោះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងតែម្តង។
«ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្នព្រៀងនូវអនុក្រឹត្យព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ។ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហ៊ានបែបនេះនោះទេ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្តង។
ប្រសិនបើបិទប្រទេសឬក៏បិទផ្នែកណាមួយរបស់ប្រទេសដូចជារាជធានីភ្នំពេញឬខេត្តណាមួយនោះវានឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច។ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង។
ប៉ុន្តែអ្វីដែលជាការជំនួសបានយើងអាចយើងខិតខំជំនួសតាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្តង»។
តែយ៉ាងក៏ដោយប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ទី១ ភូមិភ្នំធំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី ចំណុចភ្នំយោល នឹងតំបន់ទី២នៅផ្ទះ តេបវណ្ណា (ហៅអូនធំ)ស្ថិតនៅភូមិបឹងកន្សែង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី បានរាយការណ៍ឲ្យដឹងថាម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងពីកន្លែងដែលមានឈ្មោះ តន នឹងឈ្មោះ តេបវណ្ណា (ហៅអូនធំ)នៅតែផ្គើននឹងបទបញ្ជាប្រមុខដឹកនាំសម្តេចហ៊ុនសែនបើកឲ្យដៃឲ្យអ្នកញៀនល្បែងសុីសងចូលលេងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។
ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកយិនចំណាន ស្នងការនគរបាលខេត្តរតនគីរី និងលោក ថងសាវុន អភិបាលខេត្តរតនគីរីពិនិត្យឡើងវិញជាបន្ទាន់ព្រោះអ្នកចូលលេងល្បែងក្នុងទីតាំងទាំង២កន្លែងខាងលេីនេះភាគច្រេីនមិនបានការពារការរីករាលដាលនៃជំងឺកូវីដ១៩នោះទេ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ម្ចាស់ទីតាំងទាំង២កន្លែងនេះ បើកទទួលភ្នាល់លេងល្បែងរួមមាន÷ បញ្ជល់មាន់ អាប៉ោងនិងយូគី ហើយអ្នកញៀននឹងល្បែងខាងលេីអាចចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។
តែយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មាន
crn news បានទាក់ទងតាមរយះTelegreamទៅលោក យិនចំណាន ស្នងការនគរបាលខេត្ត នឹងលោក ថងសាវុន អភិបាលខេត្តរតនគីរី ដេីម្បីសុំធ្វេីការបកស្រាយចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋដែរ តែលោកចូលមេីលហេីយមិនឆ្លេីយតបមកអង្គភាពយេីងខ្ញុំវិញនោះទេ៕ពូឃ្លោក