ភ្នំពេញ ៖ យុវជន សង្ស័យម្នាក់ ត្រូវ ប៉ូលិស ខណ្ឌដង្កោ ឃាត់ខ្លួនក្រោយ យុវជនរូបនេះ បានផ្ញើសារ សំឡេងតាមទូរស័ព្ទ (messenger) គំរាមទារប្រាក់ ពីនារី ជាសង្សារជាថ្នូរនឹងការមិនបង្ហោះ រូប អាសអាភាស រវាងជន រងគ្រោះ និងជនសង្ស័យធ្លាប់ បានគេងជាមួយគ្នា និងគំរាមសម្លាប់ថែមទៀត ដោយ ជនសង្ស័យ ខឹងជនរងគ្រោះដើរលេង ជាមួយ បុរសម្នាក់ ជាសង្សារថ្មី ។
យុវជនសង្ស័យ ត្រូវប៉ូលិស ឃាត់ខ្លួន កាលពី ម៉ោង ១៣និង ៣០នាទី ថ្ងៃ ទី១៨ ខែមករា ឆ្នាំ ២០២១ ស្ថិត នៅចំណុច កន្លែង លាង ម៉ូតូ ភូមិ ខ្វា សង្កាត់ដង្កោ រាជធានី ភ្នំពេញ ដោយ អនុវត្ត តាមបណ្តឹង របស់នារីរងគ្រោះ ។
បើ តាម សេចក្តីរាយការណ៍ ពី អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឱ្យដឹងថា កាលពី រសៀល ថ្ងៃ ទី ១៧ ខែមករា ឆ្នាំ ២០២១ ជនសង្ស័យ ឈ្មោះ សឿ សារ៉ន ហៅ រាជ សុវណ្ណារាជ អាយុ ២៨ ឆ្នាំ ស្នាក់ នៅផ្ទះ ជួល ស្ថិត នៅ ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ប្រកប មុខរបរ បុគ្គលិក ក្រុមហ៊ុន នាំ ពលករ ខ្មែរ ទៅ ប្រទេស ជប៉ុន បាន ទូរស័ព្ទ គំរាម នារី រង គ្រោះ ឈ្មោះ ហ . សត អាយុ ៣១ ឆ្នាំ ធ្វើការ ក្នុង ក្រុមហ៊ុន ជាមួយ គ្នា ដោយ គំរាម ថា នឹង បង្ហោះ រូបភាព អាសអាភាស ដែល ខ្លួន ដេក ជាមួយ នាង កាលពី អំឡុង ចុងឆ្នាំ ២០២០ និង គំរាម សម្លាប់ នារី រង គ្រោះ និង បាន ជេរ ប្រមាថ ប្រើ ពាក្យ ធ្ងន់ៗ ជា ច្រើន ទៀត ខណៈ ដែល នារី រង គ្រោះ បាន ដើរ លេង ជាមួយ បុរស ម្នាក់ ទៀត នៅ ភ្នំ តា ម៉ៅ ខេត្តតាកែវ ។
សេចក្តីរាយការណ៍ ពី អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ឱ្យ ដឹង ទៀត ថា កាលពី ពាក់កណ្តាល ខែធ្នូ ឆ្នាំ ២០២០ ជន រង គ្រោះ ធ្លាប់ ត្រូវ បាន ជនសង្ស័យ នាំ ទៅ លេង ផ្ទះ នៅ ខេត្តកំពង់ចាម ហើយ ជនសង្ស័យ ក៏ បាន រៀបចំ បន្ទប់ ឱ្យ ជន រង គ្រោះ ដេក រួច ធ្វើ ធ្វើ សកម្មភាព ចាប់បង្ខំ រួម ភេទ បាន សម្រេច ០១ លើក និង លួច ថតរូប ភាព នៅ ពេលដេក ជាមួយ គ្នា នោះ តាម ទូរស័ព្ទ ។ នៅ ពេល នោះ ជនសង្ស័យ ក៏ បាន គំរាម ជន រង គ្រោះ ថា បើ ហ៊ាន ប្តឹង ឬ ទៅ ប្រាប់ អ្នក ដទៃ រូបគេ នឹង បង្ហោះ រូបភាព នេះ ចូល ក្នុង ហ្វេ ស ប៊ុ ក ឱ្យ ផ្អើល តែ ម្តង ។ ដោយ បាន រូបភាព នឹង ដៃ បែប នេះ ហើយ ជនសង្ស័យ ក៏ បាន តម្រូវ ឱ្យ ជន រង គ្រោះ ទិញ ម៉ូតូ ម៉ាក PCX ០១ គ្រឿង តម្លៃ ២៥០០ ដុល្លារ ទៅ ឱ្យ ជនសង្ស័យ បើ មិន ធ្វើ តាម ទេ រូបគេ នឹង យក រូបភាព នេះ ទៅ បង្ហោះ ។
ជនរងគ្រោះ ខ្លាចខ្មាស់គេក៏ បានទិញម៉ូតូតាម ការចង់បានរបស់ជនសង្ស័យ ដោយ ធ្វើការបង់រំលស់ រយៈពេល០៣ ឆ្នាំ។
សមត្ថកិច្ច បន្តថា បន្ទាប់ មក នៅ ថ្ងៃ ខាងលើ ដោយ ការ គំរាមកំហែង និង គាបសង្កត់ ពី ជនសង្ស័យ ខ្លាំងពេក ជនរងគ្រោះ ទ្រាំពុំបាន ក៏សម្រេចចិត្ត ប្តឹងរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ ឆ្លើយសារភាពថា ខ្លួន ពិតជាបាន ផ្ញើសារជេរប្រមាថ និង គំរាម ជន រងគ្រោះ ដោយវត្ថុតាង តាមរយៈ សំឡេងផ្ញើសារ នៅក្នុង ទូរស័ព្ទ មិនអាចប្រកែកបាន ។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែមករា២០២១ ជនសង្ស័យ ត្រូវ បានបញ្ជូនខ្លួន ទៅ តុលាការ ចាត់ការ តាមផ្លូវច្បាប់ ដោយ រងការចោទប្រកាន់ ពីបទ គំរាមកំហែង ដោយមានបញ្ជា ឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ៕