រាជធានីភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ចំពោះករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ដែលត្រូវបានស្ត្រីម្នាក់ជាពាណិជ្ជករម្នាក់ប្តឹងថា ប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំង គឺក្រុមប្រឹក្សាវិន័យនឹងសិក្សាស្រាវជ្រាវរឿងនេះ តើវាយ៉ាងម៉េច មូលហេតុយ៉ាងណាខុសឆ្គងរបៀបណា? ប៉ុន្តែសម្តេចនៅមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ត្រូវបានអ្នកស្រី ឌួង ហេម៉ាលីស មុខរបរពាណិជ្ជករ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ ពីបទប្រើហិង្សា និងបង្ខាំងដោយខុសច្បាប់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ចំពោះករណីនេះ សម្តេចមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ ហើយសម្តេចបានឃើញសារព័ត៌មានចុះផ្សាយរឿងនេះ ហេតុនេះត្រូវតែពិនិត្យមើលស៊ើបអង្កេតមើលសិន មិនទាន់សន្និដ្ឋានថា រឿងនេះវាយ៉ាងណាទេ។ ដោយសម្តេចបានបញ្ជាក់ថា “បន្តិចទៀតធ្វើការស៊ើបអង្កេតហើយ កិច្ចការទាំងអស់នេះ គឺក្រុមប្រឹក្សាវិន័យត្រូវតែបង្កើតឡើងសិក្សាស្រាវជ្រាវមើលអំពីមូលហេតុ និងការខុសឆ្គងរបៀបណា”។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាពាណិជ្ជករបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់លើដងផ្លូវស្ថិតនៅចំណុចមុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់ធឿន បានវាយដំអ្នកស្រី និងបានដកកាំភ្លើងខ្លីភ្ជង់គម្រាមមិនឲ្យស្រែក និង គំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់បង្ខាំងទុកនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះអ្នកស្រីចេញពីផ្ទះដែលបានបង្ខាំងអ្នកស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕