ភ្នំពេញ ៖ អធិការរងខណ្ឌឬស្សីកែវ ម្នាក់ ដែលជាអ្នកកាន់ច្បាប់បែរជាល្មើសច្បាប់ទៅវិញ ហ៊ានគំរាមសម្លាប់នាយផ្នែកចរាចរណ៍ម្នាក់គ្រាន់តែរឿងបន្តិចបន្ទួចសោះ។លោកអធិការរងដែលអាងអំណាចគំរាមសម្លាប់នាយផ្នែកនោះមានឈ្មោះ ចាន់ ពៅ ជាអធិការរងខណ្ឌឬស្សីកែវ ទទួលផ្នែកសេនាធិការ
ចំណែកជនរងគ្រោះ ដែលត្រូវបានលោកអធិការរងរូបនេះគំរាមសម្លាប់នោះ ឈ្មោះ លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ។
បើតាមប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី 02 កញ្ញា 2019 នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិង
ជាតិស្រវឹងនៅតាមបណ្ដោយផ្លូវជាតិលេខ5 មុខវិទ្យាល័យឬស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានលោកស្នងការរងនឹងលោកអធិការរងទទួលផ្នែកចរាចរណ៍ជាអ្នកដឹកនាំបញ្ជា។
បន្ទាប់ពីអនុវត្ដន៍បានប្រហែលជាកន្លះម៉ោង កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានពិនិត្យឃើញ អ្នកមានជាតិស្រវឹង លើស កម្រិត ចំនួន3នាក់ ដែលជាអ្នកបើកម៉ូតូ ក្នុងនោះ មានម្នាក់មិនបានសហការផ្លុំ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានធ្វើការបញ្ជូនទៅស្នងការដើម្បីចាត់ការតាមផ្លូវច្បាប់។
បន្ទាប់ពីបញ្ជូនអ្នកដែលមានជាតិស្រវឹងលើសកំរិតបានមួយ សន្ទុះ ស្រាប់តែលោក ចាន់ ពៅ អធិការរង រូបនោះ បានទូរស័ព្ទមកលោកនាយផ្នែក ដោយបញ្ជា អោយដោះលែងមនុស្សម្នាក់ ដែលមានជាតិស្រវឹងលើសកំរិត ក៏ប៉ុន្ដែលោកនាយផ្នែកបានប្រាប់ទៅវិញថា គាត់គ្មានសិទ្ធដោះលែងទេ គាត់គ្រាន់តែជានាយផ្នែក ហើយក៏អោយលោកអធិការរងរូបនោះ ទូរស័ព្ទទៅលោកអធិការងទទួលផ្នែកចរាចរណ៍ ដែលកំពុងដឹកនាំទៅលោកអធិការរងរូបនោះ ក៌បានបិទទូរស័ព្ទទាំងខឹងយ៉ាងខ្លាំង។
មួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសម្នាក់ដែលមានជាតិស្រវឹងលើសម្នាក់ក្នុងចំណោម3នាក់ដែលកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការនោះត្រឡប់មកវិញក្រលើម។
ក្រោយមកលោកអធិការរងរូបនោះ បានផ្ញើរសារសម្លេងគំរាមសម្លាប់ជាច្រើន មកលោកនាយផ្នែក ធ្វើអោយលោកនាយផ្នែកមានការភិតភ័យយ៉ាងខ្លាំង ព្រោះអីធ្លាប់ដឹងហើយថា កន្លងមកអធិការរងរូបនេះធ្លាប់ បាញ់គំរាមមន្ត្រីប៉ូលិស រួចមកហើយគ្មាននរណាហ៊ានធ្វើអ្វីលោកអធិការរងរូបនេះឡើយ ធ្វើអោយលោកអធិការរងរូបនេះឡើងចាងគំរាមសម្លាប់គេឯងជាបន្តបន្ទាប់។
លោកនាយផ្នែក ដែលជាជនរងគ្រោះសំណូមពរអោយថ្នាក់ ដឹកនាំជួយរកយុត្តិធម៌ អោយរូបគាត់ផង ព្រោះអធិការរងទំនើងរូបនេះគំរាមសម្លាប់រូបគាត់អោយស្លាប់ចោលប្រពន្ធចោលកូន។
ជនរងគ្រោះ សង្ឃឹមថា សម្ដេចក្រឡាហោម ស ខេង នឹងមានវិធានការចាត់ការលើអធិការរងរូបនេះ ប្រសិនជាគ្មានចំណាត់ការទេនោះ មិនដឹងមានមនុស្សប៉ុន្មាននាក់ទេ ដែលស្លាប់ក្រោមកណ្ដាប់ដៃលោកអធិការរងរូបនេះ បើសូម្បីតែមន្ត្រីប៉ូលិសកូនលោកផ្កាយក៏លោកអធិការរូបនេះហ៊ានបាញ់គម្រាមរួចមកហើយដែរនោះ៕