ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាព បានចុះបិទអាជីវកម្មខារ៉ាអូខេមួយកន្លែង របស់ជនជាតិវៀតណាម ដែលលួចបើកដំណើរការមិនស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងខារ៉ាអូខេរបស់ជនជាតិវៀតណាម នៅខណ្ឌដូនពេញមួយនេះ អាជ្ញាធរធ្លាប់បានណែនាំម្ដងរួចមកហើយ ប៉ុន្ដែម្ចាស់ទីតាំងមិនស្ដាប់ និងអនុវត្តតាមនោះទេ ទើបកម្លាំងគណៈបញ្ជាការឯកភាពបានសម្រេចចុះបិទអាជីវកម្មនៅយប់នេះតែម្ដង។
សេចក្ដីរាយការណ៍បានអះអាងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សមួយចំនួន ដែលពាក់ព័ន្ធនៅក្នុងទីតាំងខារ៉ាអូខេមួយនេះផងដែរ ដើម្បីយកទៅធ្វើការសួរនាំ និងអនុវត្តតាមនីតិវិធី។