ខេត្តកណ្តាល ៖ តូបអាជីវករលក់មាស៤ នៅក្នុងផ្សារតាខ្មៅចាស់ ក្រុងតាខ្មៅ ត្រូវចោរចូលគាស់យកមាសប្រាក់ សរុបជិត១ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើលពេញផ្សារតាខ្មៅ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ។
ជនរងគ្រោះម្ចាស់តូប៤ នាក់នោះមាន ៖ ទី១-ឈ្មោះ ផាន់ ឡា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បាត់បង់ មាសធាតុផ្សំសម្រាប់ធ្វើផ្លាកទីន១ កែវជ័រ បើគិតជាទឹកប្រាក់តម្លៃ៧០០ ដុល្លារអាមេរិក
ឧបករណ៍សម្រាប់មើលពេជ្រ១គ្រឿង គិតជាទឹកប្រាក់ ៦០០ ដុល្លារអាមេរិក ។ ត្បូងធម្មជាតិ៦ប្រអប់ គិតជាប្រាក់តម្លៃ ៧ ០០០ ដុល្លារ ។ ទី២-ឈ្មោះ ឡ សុខហេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ លក់មាស មានទីលំនៅ ភូមិតាខ្មៅ សង្កាត់.ក្រុងតាខ្មៅ ខេត្តកណ្តាល មិនមានបាត់បង់មាសប្រាក់លុយកាក់ទេ ។ ទី៣-ឈ្មោះ កុល សុផារី ភេទស្រី អាយុ៣៨ ឆ្នាំ មុខរបរលក់មាស មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មិនមានបាត់បង់លុយកាក់មាសប្រាក់ទេ និងទី៤-ឈ្មោះ កុល រតនា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ លក់មាស មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏មិនមានបាត់បង់មាសប្រាក់លុយកាក់ដែរ ដោយសារជនរងគ្រោះទាំង៣ មិនមានទុកសម្ភារៈ នឹងមាសប្រាក់នៅក្នុងតូបនោះ ។
ក្រោយកើតហេតុកម្លាំងគណៈកម្មការផ្សារ សហការជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យ នឹងធ្វើកំណត់ហេតុនៅតូបរបស់អាជីវករទាំង៤ ដោយបានរកឃើញ ទួណឺវីស១ និងខ្សែលួស១ ដុំតូច ដែលជនសង្ស័យបន្សល់ទុក។ ពេលនេះ សមត្ថកិច្ចក្រុងតាខ្មៅ សហការ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ដុតដៃដុតជើង ចុះបើកការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ឈានទៅស្វែងរកចាប់ខ្លួនជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្រាប់តែភ្លើងអគ្គីសនីក្នុងផ្សារបានដាច់ ហើយក៏មិនបានដឹងថា ម៉ោងប៉ុន្មានភ្លើងឆេះវិញដែរ ។ លុះមកដល់ដល់ម៉ោង៧កន្លះព្រឹកថ្ងៃទី២៨ ខែមីនា ខណៈជនរងគ្រោះទាំងអស់ទៅបើកតូបលក់ដូរ ស្រាប់តែឃើញតូបរបស់ពួកគាត់មានស្នាមគាស់អ៊ីវ៉ាន់រប៉ាត់រប៉ាយ ទើបមានការភ្ញាក់ផ្អើលជាករណីចោរគាស់តូប ។
អាជីវករលក់ដូរនៅទីនោះ បានបញ្ជាក់ថា តាមធម្មតា ពេលល្ងាចក្រោយពីអាជីវករបិទតូបលក់ដូរ តាមច្រកចេញចូលផ្សារត្រូវបិទ ហើយមានកម្លាំងសន្តិសុខយាមកាមយ៉ាងត្រឹមត្រូវ ហើយនៅសុខៗស្រាប់តែមានចោរចូលគាស់តូបយកមាសប្រាក់អស់ខ្ទង់ម៉ឺនដុល្លារបែបនេះ តើឲ្យពួកគាត់ទុកចិត្តលើអ្នកណាទៀត ហើយអ្នកណាជាអ្នកទទួលខុសត្រូវលើការបាត់បង់នេះ ។ សំណួរនេះ មានតែប្រធានផ្សារតាខ្មៅចាស់ទេ ទើបអាចឆ្លើយបាន ហាសហា ផ្សារ១ទាំងមូលឲ្យចោរគាស់បាន យាមកាមយ៉ាងម៉េច លោកអេីយ៕