(ព្រះសីហនុ)÷ នគរបាលបំបែកសំណុំរឿង ករណីឃាតកម្ម អារ ក សម្លាប់នារីម្នាក់ នៅក្បែរផ្លូវសែនជ័យ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានហើយ។ ដោយក្នុងករណីនេះ កម្លាំងនគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ដែលជាជនដៃដល់ អារ ក សម្លាប់នារីរងគ្រោះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះថា÷ ជនសង្ស័យមានឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើតភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរបុគ្គលិកអនាម័យ ស្រុកកំណើតភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅជាមួយជនសង្ស័យ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តថា÷ តាមរបាយការណ៍ស្រាវជ្រាវ ករណីឃាតកម្មគិតទុកជាមុននេះ កើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រ ក្នុងរណ្តៅគ្រលុកដីវាលមួយកន្លែង ស្ថិតនៅក្បែរផ្លូវសែនជ័យ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញទទួលផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ ឃើញមានសាកសពនារីរងគ្រោះម្នាក់(ជនជាតិខ្មែរ)អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ពណ៌លឿង ខោស្ព័រកីឡាជើងវែងពណ៌ខ្មៅលាយឆ្នូតស ស្រោមជើងពណ៌ស មានស្លាកស្នាម អារ ក ជាំភ្នែកខាងស្តាំ ជាំថ្គាមខាងឆ្វេង និងជាំបបូរមាត់ផ្នែកខាងលើ។
ឆ្លងតាមការសើុបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញ វិទ្យុទាក់ទង១គ្រឿងម៉ាកMOTOROLAនៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ រួចក៏បន្តការសើុបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនបានរួមរស់នៅជាមួយនឹងជនរងគ្រោះអស់រយៈពេល ២ឆ្នាំមកហើយ ដោយមិនបានរៀបអាពាហ៍ពិពាហ៍នោះទេ។ ហើយមូលហេតុដែលឈានទៅដល់ការសម្លាប់នារីរងគ្រោះរូបនេះ គឺដោយសារតែខ្លួននិងនារីរងគ្រោះ តែងតែមានជម្លោះទាស់ទែងគ្នាសឹងតែរាល់ថ្ងៃ។ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន។ រហូតមកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២២:០០នាទីយប់ ខ្លួនក៏បានបបួលនារីរងគ្រោះទៅសីុផឹក រហូតដល់វេលាម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានឌុបនារីរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណៈនោះនារីរងគ្រោះបានប្រើពាក្យសម្តីថា (មុខហ្អែងហ្នឹងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ)ពេលនោះជនសង្ស័យក៏បានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនិងសម្តីនារីរងគ្រោះពុំបាន ខ្លួនក៏បានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ដោយបានប្រើនូវឧបករណ៍ឆ្នាំងសាកថ្ម វាយក្បាល វាយភ្នែក វាយមាត់ យកដៃច្របាច់ ក បណ្តាលឱ្យសន្លប់បាត់ស្មារតី បន្ទាប់មកជនសង្ស័យក៏បានយកផ្លែឡាម អារ ក នារីរងគ្រោះរហូតដាច់ខ្យល់ស្លាប់នៅនិងកន្លែងកើតហេតុ រួចក៏បានឡើងជិះម៉ូតូគេចខ្លួន។ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កំពុងបន្តនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕