រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះមន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យបែកធ្លាយសំឡេងសម្តេចមានប្រសាសន៍បញ្ជាក់ពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយនាំឱ្យប្រជាពលរដ្ឋចលាចលទៅទិញទំនិញ។
ក្នុងសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំឡេងដែលបានបែកធ្លាយទៅនោះ មិនទាន់គ្រប់ជ្រុងជ្រោយ និងធ្វើឱ្យប្រជាពលរដ្ឋយល់ខុសពីបំណងដើមរបស់សម្តេចក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសោកស្តាយជាទីបំផុតនៅពេលខ្ញុំបានដាក់ចេញបទបញ្ជាសម្រាប់ការរៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះ បានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខុសពីវត្ថុបំណងរបស់ខ្ញុំ របស់រាជរដ្ឋាភិបាល ដែលបិទខ្ទប់។ ប៉ុន្តែមានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ។ សេវាកម្មទាំងប៉ុន្មានរាប់ទាំងសេវាកម្មប្រមូលសំរាមចេញពីផ្ទះ ចេញពីកន្លែងបងប្អូននៅតែអាចធ្វើបាន សូម្បីតែការហាត់ប្រាណ ក៏នៅតែអាចធ្វើបាន»។
នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សំឡេងខ្លីមួយរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ទម្លាក់ទៅក្នុងក្រុមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ត្រូវបានគេទម្លាយ និងយកទៅចែកចាយយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម។ ក្រោយបែកធ្លាយសំឡេងបានធ្វើឱ្យប្រជាពលរដ្ឋសម្រុកទៅទិញទំនិញកកកុញនៅតាមទីផ្សារផងដែរ។
សម្តេចតេជោ បានប្រកាសថា សម្តេចនឹងមិនលើកលែងចំពោះអ្នកធ្វើឱ្យបែកធ្លាយសំឡេងនេះឡើយ ដោយនឹងចាត់ការវិន័យលើអ្នកធ្វើឱ្យបែកធ្លាយសំឡេងនោះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមសារភាពដោយត្រង់ថា សកម្មភាពនោះនឹងត្រូវទទួលនូវវិន័យនៅពេលក្រោយ នៅពេលដែលយើងរកឃើញ៕