ខេត្តរតនគិរី÷ ស្រុកអូរយ៉ាដាវ
យោងតាមរបាយការណ៍របស់កម្លាំងនគរបាលនៃអធិការស្រុកអូរយ៉ាដាវ ថាករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ករណីបង្ករបណ្ដាលឲ្យស្លាប់បានកើតឡើងនៅក្នុងចម្ការកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះលោកវរសេនីយ៍ឯកសូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឲ្យអ្នកសារព័ត៌មានដឹងថា ហេតុការណ៍ផ្ទុះអាវុធខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កាលពី ម្សិលមិញ។ សមត្ថកិច្ចបានបន្តថាជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីជួយសង្គ្រោះជីវិត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្ដង។
កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឹម ចន្ថា ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់ជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។ សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក្ស (CF98) ១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Mazada ព៌ណស ១គ្រឿង ពាក់ស្លាកលេខ 2Z-9098 ពីជនដៃដល់ឈ្មោះ លី ថេងជាង ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរយោធា។
បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់នៅវត្តអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ ចំណែកវត្ថុតាងជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕