ភ្នំពេញ÷ ថ្ងៃទី២៤ វិច្ឆិកា គឺជាកាប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ ដែលជាព្រឹត្តការណ៏មួយដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។
យ៉ាងនេះក្តី មុននេះបន្តិច លោកនាយករដ្ឋមន្ត្រី បានសរសេរសារផ្សព្វផ្សាយជាសាធារណៈ លើបណ្តាញសង្គមរបស់លោកថា ពេលនេះ សម្តេចកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់លោក កំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។
ហេតុការណ៍នេះបានកើតឡើងចំពេលដែលរូបលោកត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេររៀបរាប់ទៀតថា ដោយបំពេញភារកិច្ចជាកូន លោកគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់លោកសម្រាប់កិច្ចប្រជុំដ៏មាសារៈសំខាន់នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យលោកនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារសូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល នឹងសំណេះសំណាលជាមួយលោកនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៀតថា សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យរូបលោក រួមជាមួយភរិយានិងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់៕crnnews