ភ្នំពេញ៖) បុរសម្នាក់បើករថយន្តបោះពួយឡើងលើស្ពានម៉ាឡេនៅពេលដែលមេឃកុំពុងតែរលឹមបណ្ដាលឲ្យរអិលរេចង្កូតទើបបុកជាមួយនឹងបង្កាន់ដៃស្ពានពេញទំហឹងដាច់កង់មុខរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំកុំតែបានបង្កាន់ដៃស្ពានទប់នោះ ប្រហែលជារថយន្តមួយគ្រឿងនេះធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ទៅហើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង០០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានម៉ាឡេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហុីលុចវីហ្គោពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខរដ្ធ062-0223 បើកធ្វើដំណើរចេញពីរង្វង់មូលនាងមច្ឆាក្នុងទិសដៅពីកើតទៅលិច ខណៈពេលត្រង់ចំណុចនិងលើស្ពានម៉ាឡេក៏បានរអិលចង្កូតទៅបុកជាមួយនឹងបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខនឹងបាក់ក្រឡេរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថាមានការប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋទើបឃាត់តែកុងរួមជាមួយនឹងរថយន្តបង្កយកមកកាន់អធិការដ្ធាននគរបាលខណ្ឌជ្រោយចង្វាដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់។រក្សាសិទ្ធិ៖)ដោយវុត្ថា