ភ្នំពេញ៖) បុរសម្នាក់ដែលគេបានសង្ស័យថាទំនងជាស្រវឹងស្រាបើករថយន្តរេពេញផ្លូវជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងមួយដើមក្រឡាប់ផ្ងាជើងរងការខូចខាតយ៉ាងដំណំ ហើយជនបង្កបានព្យាយាមលូនចេញពីរថយន្ត បន្ទាប់មកមានអ្នកមករំដោះគេចខ្លួនយកទៅបាត់បន្សល់ទុកនៅតែបង្គោលភ្លើងហើយនិងរថយន្តដែលបានរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣៥នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពនៃព័ត៌មានដែលក្រុមការងារយើងទទួលបានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក់ហាយឡែនឌ័រ ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BK-9687 បើកធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងមួយដើមពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កមួយគ្រឿងនេះក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរបានរួចផុតពីសេចក្ដី ហើយខំលូនចេញខាងមកក្រៅមួយសន្ទុះក្រោយមកក៏ស្រាប់តែមានមិត្តភក្កិមករំដោះយកទៅបាត់ស្រមោល បន្សល់ទុកនៅតែរថយន្តដែលបានរងការខូចខាតជាមួយនឹងបង្គោលភ្លើងនៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមានការប៉ះពាល់ទៅដល់បង្គោលភ្លើងដែលជាសម្បត្តិរបស់រដ្ឋទើបសមត្ថកិច្ចធ្វើការទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកយករថយន្តគ្រឿងនេះទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា