(ខេត្តបន្ទាយមានជ័យ)÷ ប្រជាពលរដ្ឋជាង ២០ គ្រួសារស្នើសុំអាជ្ញាធរក្រុងប៉ោយប៉ែត បើកផ្លូវចាស់មានស្រាប់ឲ្យពួកគាត់បានធ្វើដំណើរឡើងវិញផង
ប៉ោយប៉ែត: ប្រជាពលរដ្ឋប្រមាណជា ២០ គ្រួសារមានទីលំនៅភូមិអូឬស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានដាក់ពាក្យបណ្ដឹងនិងលិខិតអន្តរាគមន៍ជាច្រើនលើកច្រើនសារមកហើយដើម្បីស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតជួយអន្តរាគមន៍បើកផ្លូវដែលមានស្រាប់មានទទឹង ២០ ម៉ែត្រគុណនឹងបណ្ដោយ ៣០ ម៉ែត្រតភ្ជាប់ទៅផ្លូវក្រុងលេខ៥០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរឫស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបុគ្គលមានលុយមានអំណាចរំលោភយកធ្វើជាកម្មសិទ្ធិក្នុងកំឡុងឆ្នាំ ២០០៩ រហូតមកដល់ពេលនេះមានរយៈពេល១២ ឆ្នាំមកហើយ។ ហើយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត បានត្រឹមតែសន្យាជួយរកដំណោះស្រាយមិនមានចំណាត់ការណាមួយច្បាស់លាស់លើផ្លូវច្បាប់។ រហូតមកដល់ពេលនេះនៅតែបុគ្គលបំពានទាំងនោះធ្វើរបងថ្មបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូលបានឡើយ។
លោក គឹម ហ៊ាន អាយុ ៧០ ឆ្នាំមានទីលំនៅភូមិអូរឬស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតតំណាងឲ្យប្រជាពលរដ្ឋទាំង ២០ គ្រួសារបានលើកឡើង
ថា ពួកគាត់កើតទុក្ខមិនសុខចិត្តចំពោះបុគ្គលអាងខ្លួនមានលុយមានមុខ មានមាត់ មានអំណាច ក្នុងមូលដ្ឋាននិយមបក្សពួក មានចរឹកក្អេងក្អាងលោភលន់ម្តងហើយម្តងទៀតចិញ្ចឹមចិត្តចង់បានដីផ្លូវធ្វើជាកម្មសិទ្ធិរបស់ខ្លួនបំពាននិងច្បាប់រួចទៅរកខ្នងបង្អែកអ្នកធំនេះអ្នកធំនោះ ដើម្បីឲ្យគេជួយបិទបាំងអំពើអាក្រក់របស់ខ្លួន។ជាក់ស្តែងដូចជាបុគ្គលទី១.ឈ្មោះធាប គឹមសាង អតីតមេភូមិអូរឬស្សីចាស់និងបច្ចុប្បន្នជានាយសាលាបឋមសិក្សាអូរឫស្សីលើមានទីលំនៅភូមិអូរឬស្សីសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទី២. ឈ្មោះលីវ អ៊ីធី ភេទប្រុសអាយុ៤៧ ឆ្នាំសញ្ជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិទ្រា សង្កាត់ស្ទឹងមានជ័យខណ្ឌស្ទឹងមានជ័យរាជធានីភ្នំពេញ។បុគ្គលទាំងពីរនាក់នេះបានត្រូវរ៉ូវគ្នាធ្វើលិខិតទិញលក់នៅលើដីផ្លូវសាធារណៈរបស់រដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួននិងមានការឃុបឃិតគ្នាពីអាជ្ញាធរមូលដ្ឋានភូមិសង្កាត់និងក្រុងប៉ោយប៉ែតចាស់កន្លងមកថែមទៀតផង។
លោកបានបន្តទៀតថា កាលពីថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2021 កន្លងមកនេះពួកគាត់ជាប្រជាពលរដ្ឋទាំង 20 គ្រួសារដែលមានរូបលោកជាតំណាងបានដាក់ពាក្យបណ្ដឹងអន្តរាគមន៍ទៅលោកគៀតហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មីដើម្បីឲ្យលោកជួយរកដំណោះស្រាយអន្តរាគមន៍បើកផ្លូវទទឹង 20 ម៉ែត្រនិងបណ្ដោយ 30 ម៉ែត្រប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋឡើងវិញព្រោះដីផ្លូវនេះគឺជាដីផ្លូវសាធារណៈរបស់រដ្ឋដែលមានក្នុងគំនូសបង្ហាញប្លង់របស់ជំនាញសូរិយោដីរួចមកហើយប៉ុន្តែរហូតមកដល់ពេលនេះលោកមិនមានចំណាត់ការរកដំណោះស្រាយឲ្យពួកខ្ញុំបានធ្វើដំណើរឡើងវិញឡើយដោយលោកមានភារកិច្ចរវល់រហូតគ្មានថ្ងៃរកដំណោះស្រាយឲ្យពួកគាត់ដែលពួកគាត់មានការលំបាកជាខ្លាំងក្នុងការធ្វើដំណើរចេញចូលនៅតាមផ្លូវនេះគឺគ្មានផ្លូវណាក្រៅពីផ្លូវនេះសម្រាប់ចេញចូលឡើយ។បើសិនជាលោកអភិបាលក្រុងមិនមានចំណាត់ការទៅលើបុគ្គលដែលរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិទេ គួរតែលោកអភិបាលក្រុងបញ្ជូនសំណុំរឿងនេះទៅសាលាខេត្តបន្ទាយ មានជ័យ ដើម្បីឲ្យសាលាខេត្តមានចំណាត់ការរកដំណោះស្រាយឲ្យពួកគាត់ម្ដង។
លោកគឹមហ៊ានបានបញ្ជាក់ទៀតថាដីផ្លូវទាំងនេះគឺមានក្នុងគម្រោងរបស់គណៈកម្មការបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ 2000 មកម៉្លេះហើយនៅក្នុងកំឡុងឆ្នាំ 2006 ពួកខ្ញុំបាននិងប្រជាពលរដ្ឋក្នុងភូមិអូឬស្សីចំណុចអូឬស្សីកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានចូលរួមឧបត្ថម្ភប្រាក់សាមគ្គីដើម្បីសាងសង់ផ្លូវបាន 4 ខ្សែដោយក្នុងមួយខ្សែដែលមានទទឹង 20 ម៉ែត្របណ្ដោយប្រវែង 175 m ក្រោយពេលសាងសង់រួចហើយប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានធម្មតាដោយឡែកផ្លូវលំខ្សែទីមួយនេះប្រជាពលរដ្ឋបានសាងសង់នៅសល់ប្រមាណ 30 ម៉ែត្រត្រូវបានលោកមេភូមិថ្មីអូឬស្សីយកអេស្កាកាយដីលើកដីធ្វើបន្តតែត្រូវបានឈ្មោះធាប គឹមសាង.មករារាំងហាមឃាត់មិនឱ្យមេភូមិថ្មីនិងប្រជាពលរដ្ឋបានសាងសង់ផ្លូវថ្មីលើផ្លូវចាស់នោះឡើយដោយលោកធាប គឹមសាង.បានបញ្ជាក់ថា ដីនេះខ្លួនបានទិញពីម្ចាស់ដើមគេមានលិខិតស្នាមត្រឹមត្រូវ។ក្រោយមកឈ្មោះធាប គឹមសាងបានធ្វើរបងថ្មព័ទ្ធលួសបន្លាយ៉ាងខ្ពស់រឹងមាំមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលបានឡើយរហូតមកដល់សព្វថ្ងៃនេះ។
លោកបានបន្តទៀតថាក្នុងនាមរូបលោកតំណាងឲ្យប្រជាពលរដ្ឋជាង 20 គ្រួសារលោកសុំស្នេហ៍ហើយម្ដងហើយម្ដងទៀតទៅអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតនិងឯកឧត្តមអ៊ុរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមេត្តាជួយអន្តរាគមន៍បើកផ្លូវប្រវែងបណ្ដោយ ៣០ ម៉ែត្រនិងទទឹង ២០ ម៉ែត្រប្រយោជន៍ដល់ការប្រើប្រាស់របស់ពួកគាត់ឡើងវិញផង។ហើយកន្លងមកថ្មីៗនេះផ្ដើមអ៊ុរាត្រីបានចេញសារាចរថ្មីដល់ស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យចូលរួមទប់ស្កាត់ការរំលោភយកដីចំណីផ្លូវនឹងដីផ្លូវសាធារណៈរបស់រដ្ឋចាក់លុបរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯកឧត្តមនឹងមានចំណាត់ការយ៉ាងក្តៅគគុកទាំងផ្លូវច្បាប់ដល់អ្នកដែលបំពានរំលោភយកដីចំណីផ្លូវនិងដីផ្លូវ៕