រាជធានីភ្នំពេញ៖ នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសជើងខ្លាំង ដែលជេរប្រមាថ ចង្អុលមុខ មើលងាយ និងរកវាយសមត្ថកិច្ចចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅស្ដុបផ្សារដើមគរ ក្នុងខណ្ឌទួលគោក ។
ការចាប់ខ្លួនបុរសខាងលើ គឺធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ខណៈបុរសរូបនោះ កំពុងធ្វើដំណើរតាមដងផ្លូវ បញ្ជូនទៅសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមបញ្ជាក់ថា ទង្វើរបស់បុរសជើងខ្លាំងរូបនេះ ត្រូវបាន នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ ដោយ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះទេ ក្នុងករណីអ្នកល្មើសច្បាប់ចរាចរណ៍ហើយ មិនអនុវត្តតាមមន្ដ្រីនគរបាលចរាចរណ៍ បែរជាប្រមាថមើលងាយបែបនេះ ត្រូវចាប់វាយខ្នោះជាបន្ទាន់ យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះភ្នំពេញត្រូវរៀបឯកសារទៅតុលាការ ។
សូមរំលឹកផងដែរថា បុរសជើងខ្លាំងម្នាក់ បានជិះម៉ូតូអត់កញ្ចក់បញ្ច្រាស ទិសចរាចរណ៍ បុកគេឯងហើយ ថែមទាំងរកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម រកហក់វាយ ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍បុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បាន បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើន ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត ច្រង៉េងច្រង៉ាងពេញផ្លូវ ត្រូវបានសមត្ថកិច្ច សុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់៕