ខេត្តកណ្តាល : ផ្ទះថ្មប្រកស័ង្កសី ទំហំ៥គុណ២៥ម៉េត្រ ត្រូវបានអគ្គីភ័យឆាបឆេះ ដែលបណ្តាលមកពីជាងផ្សារដែកហើយកំទេចបានធ្លាក់លើក្រណាត់ បង្កជាអណ្តាតភ្លើងឆេះ ហើយត្រូវសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់ទាន់ទើបមិនរាលដាល ដល់ផ្ទះអ្នកជិតខាង ។ ហេតុការណ៍នេះនៅព្រឹកថ្ងៃច័ន្ទទី០៣ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះប្រតិបត្តិការបញ្ជាដោយផ្ទាល់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះចំនួន០១ខ្នងនេះ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ផាន់ វណ្ណី ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ។ខូចខាតផ្ទះទំហំ៥×២៥ម៉ែត្រ ដែលកំពុងធ្វើការសាងសង់ ធ្វើពីថ្ម ប្រកស័ង្កសីមានឡៅតឿ ខូចខាត ១០០% ក្នុងរង្វង់ផ្ទះបាយ សម្ភារផ្សេងៗជាបឋមរួមមានម៉ូតូសង់ការ៉េ ចំនួន១គ្រឿងកង់ចំនួន ៣គ្រឿង សម្ភារផ្ទះបាយទាំងអស់ កំទេចក្រណាត់ដែលទុកធ្វើខ្នើយ ម៉ាស៊ីនដេរ ២គ្រឿងសម្ភារប្រើប្រាស់ផ្សេងៗទៀតមួយចំនួន។
ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះ រថយន្តអគ្គីភ័យនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០១គ្រឿង និងរថយន្តអគ្គីភ័យនៃកងអង្គរក្ស ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបរលត់ជាស្ថាពរនៅវេលាម៉ោង០៩:៣០នាទី៕ពូឃ្លោក