ភ្នំពេញ៖ ដោយអនុវត្តន៍តាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាមានការចង្អុលបង្ហាញពីលោក អភិបាលខណ្ឌពោធិ៍សែនជ័យនោះនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោក វ៉ាសារ៉ង ចៅសង្កាត់ចោមចៅទី២បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះទៅពិនិត្យនិងស្តារប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងនៅចំណុចវត្តព្រៃស្ពឺសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពីព្រោះរយៈពេលបីថ្ងៃនេះមានភ្លៀងបានបង្អុលចុះមកជាប់ៗគ្នាបង្កឲ្យមានការលិចលង់លំនៅដ្ឋាននិងផ្លូវមួយចំនួនទៀតនៅសង្កាត់ចោមចៅទី២ទៀតផង។
មានប្រសាសន៍ក្នុងការចុះស្ដារប្រព័ន្ធលូ នាព្រឹកនោះលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានឲ្យដឹងថា៖កន្លងមកទោះបីជាមានភ្លៀងចំនួន៣ថ្ងៃជាប់គ្នានៅក្នុងមូលដ្ឋានរបស់លោកមិនដែលមានការលិចលង់នោះទេ។
ក៏ប៉ុន្តែជាអកុសល់ដោយសារនៅសង្កាត់ភ្លើងឆេះរទេះនិងសង្កាត់កំបូលអាជ្ញាធរបានបើកមុខទឹកមកលើសង្កាត់ចោមចៅទី២របស់យើងក៏បណ្ដាលឲ្យមានការលិចលង់ជាបន្តបន្ទាប់។
ដោយមានសេចក្តីណែនាំពីសាលារាជធានីភ្នំពេញក៏ដូចជាមានការចង្អុលបង្ហាញរបស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ លោកអភិបាលខណ្ឌ ក៏បានចុះមកពិនិត្យផ្ទាល់ជាមួយនិង លោកចៅសង្កាត់ចោមចៅទី២ធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយដើម្បីរំដោះជំនន់ទឹកភ្លៀងនេះឲ្យបានទាន់ពេលវេលា ដើម្បីរំរួលចរាចរណ៍ជាពិសេស កម្មករ កម្មការនី ដែលធ្វើនៅរោងចក្របានធ្វើដំណើរតាមដងផ្លូវនេះបានងាយស្រួល។
កត្តានេះហើយអាជ្ញាធរមិនអាចបណ្តែតបណ្តោយឲ្យមានជំនន់ទឹកភ្លៀងលិចនៅតាមដងផ្លូវនេះបានយូរទៀតទេបង្កឲ្យប៉ះពាល់ដល់អារម្មណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក។
លោក វ៉ាសារ៉ង បានបន្តថាក្នុងនាមរដ្ឋបាលសង្កាត់ ចោមចៅទី២ លោកបានយកចិត្តទុកដាក់និងខិតខំអស់កម្លាំងកាយចិត្តដើម្បីចុះស្តារប្រព័ន្ធលូកុំឲ្យមានការកកស្ទះនិងប្រើម៉ាសុីនបូមទឹករំដោះពីការលិចលង់នៅតំបន់នោះសំរាប់បំរើផលប្រយោជន៍សាធារណ: របស់ប្រជាពលររដ្ឋដែលធ្វើដំណើរទៅប្រកបអាជីវកម្មផ្សេងៗទៀតផងដែរ។
លោកបានបន្ថែមថា នាពេលខាងមុខគឺមានពិធីបុណ្យភ្ជុំបិណ្ឌទៅតាមប្រពៃណីរបស់ខ្មែរយើងហើយផ្លូវវត្តព្រៃស្ពឺនេះមានសារៈសំខាន់ណាស់សំរាប់ពុទ្ធបរិស័ទចំណុះជើងវត្តទីជិតឆ្ញាយបាននាំគ្នាធ្វើដំណើរវត្តអារាមដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។
ជាចុងក្រោយ លោក ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅទី២ ទាំងអស់សូមមេត្តាសហការជាមួយអាជ្ញាធរ កុំយកសំរាមមកបោះពាលវាលពាលកាល ដូចជាយកសំរាមមកដាក់លើប្រព័ន្ធលូនិងយកសំរាមមកចាក់ចូលក្នុងប្រព័ន្ធលូបង្កឲ្យមានការកកស្ទះប្រព័ន្ធលូជាដើមល។ យើងនាំគ្នាថែរក្សាអនាម័យបរិស្ថានដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នាសូមអរគុណ៕