.ភ្នំពេញ : ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួន ពោលគឺដោះលែងស្ត្រីស្រស់ស្អាតឈ្មោះ ញឹម សុខឡេង ដែលជាអ្នកលក់ផលិតផលតាមអនឡាញពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈ បទហិង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន។ នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា ចៅក្រម កេត សុជាតិ បានសម្រេចមិនឃុំខ្លួនស្ត្រីឈ្មោះ ញឹម សុខឡេង នោះទេ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ថា “ករណីខាងលើតំណាអយ្យការបានបើកការស៊ើបសួររួចហើយ។ កាលណាតំណាងអយ្យការបើកការស៊ើបសួរ មានន័យថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ទៅចៅក្រមស៊ើបសួរនូវអង្គហេតុដែលបានបង្កើតបាននូវអត្ថិភាពនៃបទល្មើសហើយ”។
ចំណែកលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេ បើទោះបីជាព្យាយាមសាកសួរជាច្រើនដងតាមប្រព័ន្ធតេឡេក្រាមយ៉ាងណាក៏ដោយ។ ហើយទូរស័ព្ទក៏មិនអាចទំនាក់ទំនងបាន។