(ស្វាយរៀង)៖ កាលពី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមចោរលួចមានគ្នា ៤នាក់ បានជិះម៉ូតូ២គ្រឿងបន្លំខ្លួនទិញភេសជ្ជៈការ៉ាបាវមួយកេស នៅផ្ទះវីងមួយកន្លែង ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយឲ្យគ្នីគ្នាចូលលួចលុយបានជាង ១ម៉ឺនដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព ។
ម្ចាស់ផ្ទះឈ្មោះ ណន់ តុលា អាយុ៣៣ឆ្នាំ ដែលត្រូវក្រុមចូលលួចក្នុងផ្ទះរបស់គាត់ បានឱ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង ប្រពន្ធរបស់គាត់បានទៅទារលុយគេនៅក្នុងភូមិ ចំណែករូបគាត់ជាប្តីបានទៅទិញគ្រឿងសំណង់ ដោយបានទុកកូនស្រី ឱ្យនៅចាំផ្ទះ ខណៈមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះ ដើម្បីទិញខារ៉ាបាវមួយកេស ហើយបានឱ្យកូនស្រីរបស់គាត់យកខារ៉ាបាវ យកទៅឱ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ។ បើតាមកាមេរ៉ាសុវត្ថិភាព ខណៈពេលដែលកូនស្រីគាត់ដើរយកខារ៉ាបាវ ទៅឱ្យស្ត្រីមានចោរស្ទាវម្នាក់ដើរចូលទៅក្នុងតូបវីង របស់គាត់យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង។
នៅពេលដែលកូនស្រីគាត់ដើរមកតូបវីងវិញ ក៏បាត់កាបូបលុយ បានស្រែកឆោឡោផ្អើលអស់អ្នកភូមិរត់មកជួយ ខណៈនោះ រូបគាត់ និងប្រពន្ធមកដល់ផ្ទះប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍តែបានហួសពេលទៅហើយក្រុមចោរបានគេចខ្លួនបាត់អស់។
សមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕