ភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា ខ្លួនបានបាត់ម៉ូតូមួយគ្រឿង បន្ទាប់ពីផឹកស៊ីស្រវឹង ដេកលង់លក់ ពេលដឹងខ្លួនឡើង ទើបដឹងបាត់ម៉ូតូ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចជាប់របងអតីតសណ្ឋាគារកុងទីណង់តាល់ ផ្លូវ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់កាសែត នៅផ្សារដើមគរ មានស្រុកកំណើត ភូមិថ្មពូន ឃុំ ថ្មពូនស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានបាត់ម៉ូតូ ម៉ាកវ៉េវ ស៊េរីចាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និង អត្តសញ្ញាណប័ណ្ណរួមទាំងអាវ ត្រូវជនសង្ស័យយកទៅអស់ ។
ជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ បានមកលេងមិត្តភក្តិម្នាក់ ជាសន្តិសុខ ដោយហូបចុកផឹកស្រាបៀរ ចប់រួចរាល់ ក៏នាំគ្នាលើកម៉ូតូ យកទៅដាក់នៅកៀនជញ្ជាំង កន្លែងប៉ុស្តិ៍យាម រួចទាំងពីរនាក់ បានដេកលង់លក់ទៅ ។ ពេលភ្ញាក់ឡើង វេលាខាងលើក៏ស្រាប់តែមិនឃើញម៉ូតូ ។
ប្រភពបន្តថា បន្ទាប់មក គាត់ក៏បានជិះម៉ូតូឌុប ទៅរាយការណ៍ជូនសមត្ថកិច្ច ក្រែងអន្តរាគន៍ភ្លាមៗ អាចចាប់ចោរបាន និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលទំនប់ទឹក តែពេលទៅដល់ប៉ុស្តិ៍នោះ គាត់ស្រែកហៅប៉ូលីស រយៈពេលជិតកន្លះម៉ោង មិនមានប៉ូលិសណាម្នាក់ឆ្លើយតបនោះទេ ( អ្នករត់ម៉ូតូ ក៏និយាយដូចនេះដែរ) ។ ក្រោយមក គាត់ត្រឡប់មកវិញ ក៏បានមករកអ្នកសារព័ត៌មានឲ្យជូនគាត់ ទៅម្ដងទៀត ជាលើកទី២ ហើយក៏ស្រែកហៅ មួយសន្ទុះក្រោយមកឃើញ បុរសម្នាក់បើកទ្វារ ដើរចេញមកសួរនាំជនរងគ្រោះចូលទៅក្នុង ដាក់ពាក្យបណ្ដឹង និងរង់ចាំការស្រាវជ្រាវ តាមនីតិវិធី។
សូមជម្រាបថា តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តមស្នងការ រាជធានីភ្នំពេញ បានបញ្ជាឱ្យនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវបែងចែកវេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំអន្តរាគមន៍ និងទទួលពាក្យបណ្ដឹងភ្លាមៗ ពីប្រជាពលរដ្ឋ៕crnnews