ខេត្តកណ្តល÷ បញ្ហាប្រឈមចំនួន២ គឺបញ្ហាផ្លូវ និងទឹកស្អាត ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សម្រេចដោះស្រាយជូន ដោយឯកឧត្តមបានចាត់ឱ្យអាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាភ្លាមៗ ពីគម្រោងផ្លូវបេតុងចំនួន ២ខ្សែ ពិសេសត្រូវរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់ឲ្យបានឆាប់បំផុត។
ឯកឧត្តមអភិបាលខេត្តបានដោះស្រាយបញ្ហាខាងលើនេះ ក្នុងឱកាសដែលឯកឧត្តម និង លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ កាលពីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព អនាម័យខ្លួនប្រាណ ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ។
ឯកឧត្តមបន្តថា ប្រសិនបើបងប្អូនមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងត្រូវទៅជួបគ្រូពេទ្យបង្អែកដែលនៅជិតដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេល ។
ឯកឧត្តម បាន ជម្រុញដល់អាជ្ញាធរស្រុកត្រូវបន្តធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ១៩ អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច អោយគាត់បានយល់ដឹង និងអនុវត្តតាមបានត្រឹមត្រូវ។
សូមបញ្ជាក់ថាពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកថវិកាជូនដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល រីឯលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ក៏បានជូនក្រម៉ាមួយ សាប៊ូ១ដុំ និងនំបាញ់ហយ មួយប្រអប់ផងដែរ៕