ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូន បើកទទួលក្រុមអ្នកញៀនល្បែង ញៀនថ្នាំ ក្មេងទំនើង ក្មេងស្ទាវចូល ពួនសម្ងំលាក់ខ្លួនដោយសុខសាន្ត។ ដែលមាន ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ដែរថា កន្លងមកលោកឯកឧត្ដមឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង១៤ខណ្ឌ។ ប៉ុន្តែបទបញ្ជារបស់លោកហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅតាមបណ្ដោយផ្លូវ រថភ្លើង ក្រុម៣៩ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និង សមត្ថកិច្ច យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ និងត្រូវបានគេសង្ស័យថា អាចម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ទើបមិនចាត់វិធានវិការចុះពិនិត្យ ឬបង្ក្រាបបែបនេះ។ ដែលកន្លងមក លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញក៏ដូចជាលោក ទៀង ច័ន្ទសា អធិការខណ្ឌដូនពេញ ដែលលោកតែងតែមានប្រសាសន៍ប្រាប់ដល់ភ្នាក់ងារសារព័ត៌មានថាតំបន់រ៉ារថភ្លើង ភូមិ 3 សង្កាត់ស្រះចកនេះលោកនឹងប្រែឲ្យតំបន់ខ្មៅខាងលើនេះឱ្យទៅជាតំបន់ស តែផ្ទុយទៅវិញនៅក្នុងទីតាំងខាងលើនេះបែជាមានលាក់បំពួននៅហ្គេមបាញ់ត្រីខុសច្បាប់ដែលលោកអភិបាលរាជធានីភ្នំពេញបានហាមឃាត់ទៅវិញ ។
សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍៕គង្កា១៩