ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ហើមស្អុយក្នុងបន្ទប់ ដោយមានចាក់សោរពីខាងក្រៅ អស់រយៈពេល៣ថ្ងៃទើបផ្អើលដល់ប្រជាពលរដ្ឋ សង្ស័យត្រូវប្តីចុងវាយសម្លាប់ ។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ចំណុចបន្ទប់ជួលភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះហេង សុខឃឿន ភេទស្រី អាយុ ៤៥ឆ្នាំ មុខកម្មកររោងចក្រ ជាស្រីមេម៉ាយកូន២នាក់ដោយកូនស្រីច្បង អាយុ១៨ឆ្នាំ មានប្ដីទៅហើយ និងកូនប្រុសម្នាក់ទៀត ស្នាក់នៅកន្លែងកេីតហេតុ មានស្រុកកំណើត ភូមិជ្រួល ឃុំ បាល័ង្គ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយជនរងគ្រោះ ក៏បានយកប្ដីក្រោយដែលមានឈ្មោះពេជ្រ ចន្ថា អាយុ ៤៣ ឆ្នាំ មុខរបរកម្មករសំណង់ ខេត្តស្វាយរៀង ហើយប្តីចុងនេះ ក៏ធ្លាប់ត្រូវបាននគរបាលឃាត់ម្ដងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីវាយធ្វើបាបជនរងគ្រោះ បណ្ដាលឲ្យមានរបួសស្នាមយ៉ាងដំណំ ហើយបានរួចខ្លួនវិញ ពេលនេះសង្ស័យសម្លាប់ប្រពន្ធចោលថែមទៀត។
តាមប្រភពព័ត៌មានពីកូនរបស់ជនរងគ្រោះ បានឲ្យដឹងថា ម្តាយរបស់គាត់បានរស់នៅជាមួយប្តីចុងរយៈពេល៣ឆ្នាំមកហេីយ តែងមានការឈ្លោះប្រកែកគ្នា ហើយត្រូវប្តីក្រោយ វាយធ្វេីបាបរហូត ធ្លាប់ប្ដូរបន្ទប់ជួលពីមួយទៅមួយ មិនដែលស្នាក់នៅកន្លែងណាមួយជាប់កន្លែងនោះទេ ហើយទើបតែផ្លាស់មកជួលបន្ទប់កើតហេតុ បានរយៈពេល៣ថ្ងៃប៉ុណ្ណោះ ។ ក្រោយមក កូនស្រី អត់ដែលបានជួបមុខម្ដាយទេ ប៉ុន្តែធ្លាប់ជួបឪពុកចុង ហើយនាងបានសួររកម្ដាយនាង ឪពុកចុងនេះបានប្រាប់នាងថា ម្ដាយនាងទៅស្នាក់នៅជាមួយមិត្តភក្ដិធ្វើការងារនៅឯសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាត់ហើយទើបនាងមិនចាប់អារម្មណ៍ ស្មានថាសម្ដីឪពុកចុងជាការពិត លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ទើបដឹងថាម្តាយស្លាប់ ហើយការស្លាប់របស់ស្ត្រីរងគ្រោះខាងលើត្រូវបានគេសង្ស័យ ត្រូវប្ដីចុងវាយសម្លាប់។ ចំណែកប្តីចុងនោះរត់បាត់ ។
ប្រភពពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានដេីរកាត់មុខបន្ទប់លេខ១ ក៏មានក្លិនស្អុយចម្លែកដោយមានការសង្ស័យ គាត់ក៏កាត់សោរទ្វារចូលមេីល ភ្លាមនោះក៏ឃើញជនរងគ្រោះ ដេកស្លាប់ក្នុងសភាពហេីមស្អុយបាត់ទៅហេីយ។
ចំណែកអ្នកភូមិបាននិយាយថា កាលពីល្ងាចថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ គេឃើញប្តីចុងជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងឌុបស្រ្តីរងគ្រោះទៅចូលរួមកម្មវិធីខួបកំណើតគេ ហើយរហូតដល់យប់ជ្រៅទើបត្រឡប់មកវិញ។ក្រោយមកក៏ស្រាប់តែបាត់ស្រ្តីជាប្រពន្ធចេញពីក្នុងផ្ទះរហូតដល់ពេលប្រទះឃើញសាកសព ។ ចំណែកប្ដីក៏បានគេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌកំបូល សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការហ៊ុំព័ទ្ធពិនិត្យសាកសពដើម្បីធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវតាមចាប់ឃាតកយកមកផ្តន្ទាទោសតាមច្បាប់ ៕