កណ្តាល៖ ពិតជាសោកស្តាយខ្លាំងណាស់ដែលអស់លោកមានតួនាទីភារកិច្ចជាមន្ត្រីរាជការ តែបែរជាយកកម្លាំងបាយទៅស្រាយបញ្ហាដោយមិនចេះខ្មាស់អៀនមហាជនទាល់តែសោះ ដោយម្នាក់ត្រូវបានគេស្គាល់ថាជាមន្រ្តីកងរាជអាវុធហត្ថរាជធានីពេញ និងម្នាក់ទៀតជាមន្ត្រីយោធាកងកិត្តិយសត្រែទ័ព បានប្រើអំពើហិង្សាដាក់គ្នារហូតបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង២២និង៣០នាទីនៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
បើយោងតាមលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល រងរបួសបែកក្បាលហូរឈាម។ រីឯជនសង្ស័យឈ្មោះ ជា សង្ហា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាវុធហត្ថនៅអង្គភាពកងរាជអាវុហត្ថរាជធានីពេញមានទីលំនៅ ភូមិស្នាពីមុខ ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ដោយរួមមានវត្ថុតាងចាប់យកបានមានអាវុធខ្លី ម៉ាកK54 ចំនួន០១ដើមលេខ55006467,បង់១,គ្រាប់ចំនួន៨គ្រាប់។
លោកអធិការបានបន្តទៀតថានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង២២និង០០នាទី ជនសង្ស័យ បានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ត្រឡប់ទៅភ្នំពេញ ពេលជិះមកដល់ផ្លូវកៅស៊ូក៏ជួបជនរងគ្រោះកំពុងជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដីនិងគ្នារឿងភ្លើងចាំងភ្នែក បន្ទាប់មកជនសង្ស័យបានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យបានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះ ត្រូវចំក្បាល បណ្ដាលឲ្យបែកហូរឈាម ចំនួន០១ កន្លែង។ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ស្វាយជ្រុំ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី។
ជាការសំណូមពីពលរដ្ឋ ស្នើសុំឱ្យប្រធានអង្គភាពទាំង កងរាជអាវុហត្ថរាជធានីពេញនិង កងកិត្តិយសត្រែទ័ព ជួយពិនិត្យមើលឥរិយាបថរបស់មន្ត្រីទាំង២រូបនេះផង តើមានក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីរាជការដែរឬទេ ហើយអ្នកទាំងពីបានធ្វើតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលដែរឬយ៉ាងណា ដែលថា(មន្ត្រីរាជការគឺជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់)៕