ភ្នំពេញ: ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់ទី១៣ ខែសីហា ឆ្នាំ ២០១៩ នៅចំណុច តាមបណ្តោយផ្លូវបេតុង ក្នុងបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសម្នាក់បានស្លាប់ភ្លាមៗ នៅក្រោមរថយន្ត និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿន បុកម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យគាបជាប់ខាងក្រោមរថយន្តអូសប្រមាណជាង៤០ម៉ែត្រ ទើបអស់ល្បឿនហើយអ្នកបើកបរ បានចុះដាក់មេប្រូចបាត់ស្រមោល។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ រស់ បន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរ កម្មករសំណង់ ក្នុងបុរីហាយលែន ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ០១៦ ពាក់ស្លាកលេខ ស្វាយរៀង 1I-6881 ជិះគ្នាបីនាក់។
សមត្ថកិច្ចឱ្យដឹងថា រថយន្ត ដែលបង្កគ្រោះថ្នាក់នោះម៉ាក ដេវូពណ៌ស គ្មានស្លាកលេខ ជាប្រភេទយីឌុបដឹកខ្សាច់ បើកបរ ដោយបុរសម្នាក់ បានរត់គេចខ្លួនបាត់ ។
នៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះ ជិះគ្នា៣នាក់ដោយក្មួយជនរងគ្រោះ ជាអ្នកឌុបកូនជនរងគ្រោះជិះពីក្រោយ ហើយជនរងគ្រោះស្លាប់ជិះកណ្តាល ធ្វើដំណើរតាមផ្លូវ បេតុងក្នុងបុរីហាយលែន ធ្វើដំណើរពីលិចទៅកើត បំណងទៅហូបបាយថ្ងៃត្រង់ ខណ:មកដល់កន្លែងកើតហេតុ មានរថយន្តមួយគ្រឿង ធ្វើដំណើរពីជើងទៅត្បូង មកបុកហើយ កិនម៉ូតូគាបជាប់ក្រោមរថយន្ត អូសជាប្រមាណជាង៤០ម៉ែត្រ បណ្តាលឲ្យស្លាប់ក្រោមរថយន្តយ៉ាងអាណោចអាធ័ម និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរ រថយន្តបានចុះរត់គេចខ្លួន បាត់ស្រមោលតែម្តង ៕