ក្រចេះ ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ តាមការកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោកឧកញ៉ា គង់ ក្រឹង ម្ចាស់គេហដ្ឋានមានរោងសិប្បកម្មឈ្មោះ ម៉ាត់ ណាស៊ាត បានចូលខ្លួនឆ្លើយបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ តាមការកោះហៅរបស់របស់ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដោយលោកបានបញ្ជាក់ថា រហូតមកដល់ត្រឹមម៉ោងជាង ១១ព្រឹក នៅមិនទាន់បានបញ្ចប់ការសាកសួរនៅឡើយទេ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតកោះអញ្ជើញលោកឧកញ៉ា គង់ ក្រឹង មានទីលំនៅបច្ចុប្បន្ននៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ មានមុខរបរម្ចាស់គេហដ្ឋានមានរោងសិប្បកម្មឈ្មោះ ម៉ាត់ ណាស៊ាត ចូលបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ពាក់ព័ន្ធបទល្មើសព្រៃឈើ។
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំចុះពិនិត្យទីតាំងឃ្លាំងស្តុកឈើចំនួន៩ ទីតាំងរបស់ឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែឧកញ៉ា គង់ ក្រឹង មិនមានវត្តមាននៅក្នុងឃ្លាំងឈើទេ។
គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនជនសង្ស័យចំនួន១៥នាក់ ទៅកាន់តុលាការ និងចំនួន២១នាក់ផ្សេងទៀតកំពុងតាមចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ខណៈយុទ្ធនាការបានកំពុងបន្តយ៉ាងសកម្មនិងយកចិត្តទុកដាក់បំផុតនៅទូទាំងប្រទេស៕