ខេត្តស្វាយរៀង ៖ ឪពុកម្តាយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បាន ដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលអង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពីបទ «រំលោភសេពសន្ថវៈតែមិនបានសម្រេច» ដែលពេលនេះ កំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ។
ក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ពួកគាត់កំពុងរងការឈឺចាប់យ៉ាងខ្លាំង ដែលប៉ូលិសរូបនេះ បាន «រំលោភសេពសន្ថវៈតែមិនបានសម្រេច»លើកូនស្រីអាយុ១៥ឆ្នាំ ហើយកំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ទោះបីពួកគាត់បានដាក់ពាក្យបណ្តឹងរួចក៏ដោយ ។
គ្រួសារជនរងគ្រោះ អះអាងថា រឿងនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
រឿងនេះដំបូងគឺខាងប៉ូលិសប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានហៅពួកគាត់ទៅជួបនិងសុំអោយធ្វើការសម្របសម្រួលគ្នា តែពួកគាត់មិនព្រមទេ ដោយសារទង្វើរបស់ឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ធ្វើអោយពួកគាត់មានការឈឺចាប់ខ្លាំងណាស់ ទើបសម្រេចចិត្តប្តឹងមកតុលាការ តែម្តង ។
ទោះបីយ៉ាងណានៅពេលនេះក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ហើយជនល្មើសក៏កំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ទៀតផង ។
បញ្ហានេះក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា ថ្នាក់ដឹកនាំនិងតុលាការខេត្តស្វាយរៀង មេត្តាជួយរកយុត្តិធម៌អោយពួកគាត់ផង ៕