ខេត្តពោធិ៍សាត់៖ នារីក្រមុំម្នាក់ ងូតទឹកលេងជាមួយមិត្តភ័ក្កិ បានភ្លាត់ស្នៀតរអិលជើងធ្លាក់ទឹកលិចបាត់ កាលពីល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០២០ លុះវេលាម៉ោង០៩និង២៥នាទីយប់ទើបរកសាកសពឃើញ។ ករណីនេះបានកើតឡើងនៅជិតផ្សារភូពុយស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
សមត្ថកិច្ចឲ្យដឹងថានារីរងគ្រោះឈ្មោះសុង រក្សា អាយុ២១ឆ្នាំ នៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ អតីតនិស្សិតរៀនផ្នែកអគ្គីសនី នៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ទើបតែផ្លាស់មករៀនជំនាញគណនេយ្យវិញ នៅសកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់។
ប៉ុន្មានថ្ងៃនេះទឺកជំនន់បានជន់លិចតំបន់មួយចំនួនក្នុងទីរួមខេត្តពោធិ៍សាត់។ នៅល្ងាចថ្ងៃទី១១នោះនារីរងគ្រោះ
បានទៅលេងទឹកជាមួយមិត្តភ័ក្កិនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ម្ដុំខាងលិចផ្សារភូពុយ ។ ខណៈពេលកំពុងលេងទឹកសប្បាយរីករាយជាមួយមិត្តភ័ក្កិនោះ ស្រាប់តែចៃដន្យរអិលជើងធ្លាក់ចូលទឹកលូលិចបាត់តែម្ដង។ ភ្លាមៗនោះមានការផ្អើលឆោឡោដល់អ្នកស្រុកនិងក្រុមយុវជន នាំគ្នាចុះរាវរកគ្រប់ទីកន្លែង តែមិនឃើញទាល់តែសោះ លុះវេលាម៉ោង០៩និង២៥នាទីយប់ទើបរកឃើញ ប៉ុន្តែនាងបានស្លាប់បាត់ទៅហើយ។
សពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនឪពុកម្ដាយ យកទៅធ្វើបុណ្យនៅវត្តបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ តាមប្រពៃណី។ ករណីនេះឪពុកម្ដាយមានការរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដឹងថាកូនស្រីរបស់គាត់ ដែលបានចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មា រហូតដល់ពេញវ័យក្រមុំ និងមានរូបឆោមលោមស្អាតផងនោះ លង់ទឹកស្លាប់ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ៕