ភ្នំពេញៈមន្ត្រីនៅកងយោធពលខេមរភូមិន្ទ ជិះម៉ូតូមួយគ្រឿងតាមផ្លូវត្រូវរថយន្តកុងតឺន័របេីកគៀឲ្យដួលនិងកិនបណ្ដាលឲ្យបែកក្បាលព្រមទាំងមួកការពារសុវត្តិភាព ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបបជាមន្ត្រីកងយោធពលខេមរភូមិន្ទ មានស្រុកកំណេីតនៅឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងស្នាក់នៅផ្ទះលេខ០៦៣ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនិងឃេីញហេតុខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុជនរងគ្រោះជិះម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HI-9936 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តធុនធំប្រភេទសណ្ដោងទូកុងតឺន័រ ធ្វេីដំណេីរស្របគ្នាតាមកក្រោយ ហេីយបានគៀម៉ូតូជនរងគ្រោះខាងលេីបណ្ដាលឲ្យដួលអូសប្រហែល១០ម៉ែត្រ ឯជនរងគ្រោះបានខ្ទាតមកកណ្ដាលផ្លូវត្រូវកង់ក្រោយរថយន្តបង្កកិនបែកក្បាលព្រមទាំងបែកមួកសុវត្តិភាព ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ចំណែករថយន្តបង្កបានបន្តល្បឿនបេីកទៅមុខគេចបាត់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ដេីម្បីធ្វេីការវាស់យកម៉ូតូទៅរក្សាទុក និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕