រាជធានីភ្នំពេញ: ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្តោយដងទន្លេបាសាក់ ស្ថិតនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងរស់នៅទាំងភ័យខ្លាចខណ: ដោយសាររំញ័រ នៃម៉ាស៊ីនបូមខ្សាច់ និងកម្លាំងច្រានទឹកពីស្លាបចាក់សាឡង់បូមខ្សាច់ អង្រួនផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ខ្លះបាក់បែកប្រះស្រាំ សម្រានក៏មិនបាន ពោលការរស់នៅរបស់ពួកគាត់ គ្មានសុវត្តិភាពឡើយ។
ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទួលរកា រស់នៅក្បែរសាឡង់បូមខ្សាច់ បាននិយាយថា សាឡង់បូមខ្សាច់នៅចំណុចខាងក្រោយផ្ទះពួកគាត់ ប្រហែលជាជាង២០ម៉ែត្រ ទៅ៣០ម៉ែត្រ ប៉ុណ្ណោះ នៅពេលគេបញ្ឆេះម៉ាស៊ីរោទិ៍ បូមខ្សាច់ចេញពីសាឡង់នោះ ផ្ទះគាត់ទាំងមូលញ័ររំជួយគ្រប់ ទាំងអស់ សម្រានមិនលក់ ធ្វើឲ្យសុខភាពគាត់ចុះខ្សោយបន្តិចម្តងៗ អាចនឹងធ្លាក់ខ្លួនឈឺដោយសារសំឡេងរំខាន ពីសាឡង់បូមខ្សាច់នេះ។
ប្រជាពលរដ្ឋដដែល រស់នៅ ចំណុចសាឡង់បូមខ្សាច់នោះ បាននិយាយថា ផ្ទះគាត់កំពុងតែប្រះជាច្រើនកន្លែង ចាប់តាំងទ្វារមុខ រហូតដល់ទ្វារក្រោយ ដូច្នេះផ្ទះគាត់អាចបាក់ស្រុត ចូលក្នុងទន្លេនៅថ្ងៃណាមួយជាមិនខាន ហើយបញ្ហានេះគាត់មិនបានចោទទៅលើ សាឡង់បូមខ្សាច់នោះទេ ប៉ុន្តែចាប់តាំងពីមានសាឡង់បូមខ្សាច់មកឈរបូម នៅចំណុចខាងក្រោយផ្ទះគាត់មក ក៏កើតការបាក់ច្រាំងជាគំហុក និងមានការប្រេះផ្ទះសម្បែងបែបនេះ។ គាត់សំណូមពរដល់អាជ្ញាធរ ឬក្រសួងគួរមានចំណាត់ការឲ្យបានតឹងរឹង ទៅលើក្រុមហ៊ុនកំពុងធ្វើសកម្មភាពនេះ ឲ្យមានគម្លាតត្រឹមត្រូវទៅតាមច្បាប់។
ប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់មានការព្រួយបារម្មណ៍ យ៉ាងខ្លាំងពីសុវត្ថិភាព ផ្ទះសម្បែងពួកគាត់ ព្រោះក្រុមហ៊ុនបូមខ្សាច់ ធ្វើឲ្យផ្លូវប្រឈមនឹងស្រុត ឬបាក់ច្រាំង ដោយសាររំញ័រ ម្យ៉ាងវិញទៀត សាឡង់បូមខ្សាច់ ចតនៅក្បែរផ្ទះពួកគាត់បែបនេះ ធ្វើឲ្យពួកគាត់ពិបាករស់នៅ សម្រានមិនបាន ដោយសំឡេងម៉ាស៊ីនបូមខ្សាច់លាន់ទ្រហឹងរញ្ជួយផ្ទះ ចំណែកឯ កូនៗពួកគាត់មិនអាចរៀនសូត្រកើតផងដែរ ដោយសារសំឡេងរំខាននេះ។
ដោយបញ្ហាបែបនេះហើយ ទើបពួកគាត់ស្នើទៅដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការចំពោះក្រុមហ៊ុនបូមខ្សាច់ទាំងនេះផង កុំឲ្យគេចតសាឡង់បូមខ្សាច់អែបច្រាំង និងគោរពពេលវេលារបស់ប្រជាពលរដ្ឋផង នឹងច្រាំងទន្លេពេលបូមឡើងនោះ ចៀសវាងសំឡេងរំខានពលរដ្ឋ និងកុំឲ្យប៉ះពាល់ដល់ទន្លេសាបផងដែរ៕