(ភ្នំពេញ)៖ មុនពេលអ្នក ជាតំណាងចែកចាតសម្រេចចិត្តទិញ (កាត់ស្តុក) នូវផលិតពីក្រុមហ៊ុនបោះដុំណាមួយយកទៅលក់បន្តគួរណាស់តែពិនិត្យ ឬពិភាក្សាឲ្យបានល្អិតល្អន់ចំពោះចំណុចនិមួយៗនៃកិច្ចសន្យាទិញ-លក់ ព្រោះវាអាចមានវិការៈ គឺការភាន់ច្រឡំ។
ជាក់ស្ដែងមានក្រុមហ៊ុនចែកចាយផលិតផលគ្រឿងសំអាងមួយកំពុងតែមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែបើមើលទៅក្នុងលក្ខខណ្ឌក្នុងកិច្ចសន្យាជាមួយតំណាងចែកចាយវិញនោះ គឺមានប្រៀបខ្លាំងលើភាគីអ្នកកាត់ស្តុក យកទៅលក់បន្ត។
ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលធ្លាប់មានរឿងអាស្រូវខាងរកស៊ីខុសច្បាប់ និងមានលោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុ័ក្រ្ត ជាថៅកែនោះ ក៏កំពុងតែបង្កើតកិច្ចសន្យាប្រកបដោយវិការៈចំពោះតំណាងចែកចាយរបស់ខ្លួនផងដែរ។
បើយោងតាម កិច្ចសន្យារវាងក្រុមហ៊ុនគ្រួសារកក់ក្ដៅ ជាមួយតំណាងចែកចាយ នូវចំណុចមួយចំនួន ត្រូវអ្នកច្បាប់រកឃើញថា បាននឹងកំពុងធ្វើផ្ទុយស្រឡះពីគោលការណ៍កិច្ចសន្យាដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ហាក់បង្ហាញពីឆន្ទៈមិនសុចរិត និងកេងចំណេញហួសហេតុលើតំណាងចែកចាយបន្តរបស់ខ្លួនដែលនាំឲ្យមានការភាន់ច្រឡំព្រោះពុំបានកំណត់ឲ្យបានច្បាស់លាសឡើយអំពីចំណុចសំខាន់ៗនោះទេ។
ជាក់ស្ដែងត្រង់ប្រការ៥, ប្រការ ៦ និងប្រការ៧ នៃកិច្ចសន្យា បានបង្ហាញពីឆន្ទៈមិនសុចរិត និងកេងចំណេញហួសហេតុមកលើតំណាងចែកចាយ ខាងក្រោមនេះជាប្រការដោយចែងថា៖
-ប្រការ៥៖ កិច្ចសន្យានេះមានសុពលភាពរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃផ្ដិតមេដៃនេះតទៅ ប៉ុន្តែភាគី (ក) [ក្រុមហ៊ុនគ្រួសារកក់ក្ដៅ] សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរកិច្ចសន្យានេះដោយជូនដំណឹងមុន ២សប្ដាហ៍។
ចំណុចនេះ មានន័យថា ភាគីក្រុមហ៊ុន ចង់កែប្រែអ្វីក៏បានស្រេចតែនឹងចិត្ត ដោយគ្រាន់តែជូនដំណឹងទៅភាគី (ខ) ជាតំណាងចែកចាយជាការស្រេច ដោយភាគី (ខ) គឺតំណាងចែកចាយគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់។
-ប្រការ៦ ភាគី (ក) នឹងទទួលទិញផលិតផលពីភាគី (ខ) វិញ ក្នុងករណីភាគី (ខ) មានបំណងចង់បង្វិលផលិតផលដែលនៅសល់ក្នុងស្តុក ត្រឡប់មកវិញ បន្ទាប់ពីកិច្ចសន្យានេះផុតសុពលភាពរយៈពេល ២ឆ្នាំ ហើយផលិតផលត្រូវស្ថិតក្នុងស្ថានភាពដើម មិនមានការខូចខាត ឬបាក់បែកឡើយ។
ត្រង់ចំណុចនេះ តំណាងចែកចាយ គួរគិតមើលថា តើផលិតផលដែលយកទៅស្តុកទុករយៈពេល ២ឆ្នាំទៅហើយនោះ អាចរក្សាបាននូវស្ថានភាព រូបរាង និងគុណភាពដូចដើមដែរឬទេ? មានន័យថា ភាគី(ក) គេចង់បង្អាប់បង្អោនគុណភាព ឬសម្រេចចិត្តមិនទិញយកផលិតផលដែលសល់នោះយកទៅវិញបាន ដោយភាគី(ខ) គ្មានសិទ្ធិតវ៉ា ឬទាមទារ បង្ខំភាគី(ក) បានទេ។
-ប្រការ៧៖ ភាគី (ក) នឹងទទួលទិញផលិតផលពីភាគី (ខ) វិញ ក្នុងតម្លៃកាត់ខាត ៣០ភាគរយ ដោយយោងទៅតាមតម្លៃដែលភាគី (ក) បានលក់ជូនភាគី (ខ) និងមានវិក្កយបត្រទិញ-លក់ចុងក្រោយជាសម្អាង។ហើយភាគី (ខ) អាចទទួលបានការទូទាត់ថវិកាវិញ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់។
ចំណុចទី៧នេះ បង្ហាញថា តំណាងចែកចាយខាតជាន់លើខាត តើខាតត្រង់ណា? គឺខាតត្រង់បើផលិតផលដែលយកមកលក់មិនដាច់គឺខ្លួនខាតដើម ព្រោះនៅពេលបង្វិលទៅថៅកែក្រុមហ៊ុនគ្រួសារកក់ក្ដៅវិញគឺលក់បានតែថ្លៃដើម ៧០ភាគរយមកវិញ ពោលគឺក្រុមហ៊ុនចំណេញ ២លើក។
លើកទី១ ក្រុមហ៊ុនលក់ឲ្យអ្នកចែកចាយក្នុងតម្លៃពេញ ១០០ភាពរយគឺចំណេញម្ដង។
ចំណេញលើកទី២ នៅពេលក្រុមហ៊ុនទិញរបស់សល់ពីលក់មិនដាច់ហើយទាល់តែល្អបានទិញចូលវិញ គឺតម្លៃត្រឹម ៧០ភាគរយនៃថ្លៃដើម ដូច្នេះគឺក្រុមហ៊ុនចំណេញ ៣០ភាគរយដែលខ្លួនកាត់ពីតំណាងចែកចាយ។
សរុប បើក្រុមហ៊ុនគ្រួសារកក់ក្ដៅ ទទួលទិញផលិតផលដែលតំណាងចែកចាយលក់មិនដាច់មកវិញ គឺចំណេញលើគោករហូតដល់ទៅ ៦០ភាគរយ។ ចុះបើក្នុងករណីក្រុមហ៊ុនទិញផលិតផលដែលសល់នោះ ពីតំណាងចែកចាយចាស់ យកទៅលក់បន្តឲ្យតំណាងចែកចាយថ្មី មិនរឹតតែធ្វើឲ្យក្រុមហ៊ុនចំនេញថែម ៣០ភាគរយទៀត ដូច្នេះទោះជាផលិតផលដែលក្រុមហ៊ុនគ្រួសារកក់ក្ដៅ លក់ទៅឲ្យតំណាងចែកចាយ មិនត្រូវបានលក់ដាច់បន្តទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយក៏ដោយ ក៏ក្រុមហ៊ុននេះ នៅតែចំណេកប់ក្ដោងពីការលក់ចេញ-ទិញចូល-លក់ចេញ វិលទៅវិលមកតែជាមួយតំណាងចែកចាយនេះដដែល។
ការលើកឡើងខាងលើនេះ គ្រាន់តែជាឧទាហរណ៍ និងការពន្យល់របស់អ្នកច្បាប់មួយចំនួនប៉ុណ្ណោះ ក្នុងន័យឲ្យតំណាងចែកចាយ ផលិតផលនានា បង្កើនការប្រុងប្រយ័ត្ននៅមុនពេលសម្រេចចិត្តទិញ (កាត់ស្តុក) ផលិតផលពីក្រុមហ៊ុនណាមួយយកទៅលក់បន្ដ ដែលមុខរបរបែបនេះវាហាក់ដូចជាការបោកប្រាស់គ្នីគ្នាបន្តៗ ដែលគេធ្លាប់ហៅថា បណ្ដាញទីផ្សារពីរ៉ាមីត ឬម៉ាឃីតធីងណេតវើក ដែលជាអាជីវកម្ម បោកប្រាស់តៗគ្នា។