ឧត្តរមានជ័យ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា៖ នៅវេលាម៉ោង ១៨៖០០នាទីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីបានទទួលព័ត៌មានមានករណីហឹង្សា ដោយចេតនាលើអនីតិជន ភេទស្រីចំនួន ២នាក់ ស្ថិតនៅចំណុចផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក៏បានចាត់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវករណីខាងលើ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ ២៣ ឆ្នាំ បានធ្វើសកម្មភាពយករំពាត់មែកឈើ (មែកក្រខុប) វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សា ភេទស្រី អាយុ ១២ ឆ្នាំ និងឈ្មោះ ផាត ស្រីងុិក ភេទស្រីអាយុ ១០ឆ្នាំ អ្នកទាំង៣ រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា (ក្មេងទាំង ២នាក់ ជាក្មេងកំព្រា មូលហេតុ៖ឪពុក និងម្ដាយជាប់ពន្ធនាគារ) បណ្ដាលឲ្យមានរបួសលើខ្នងជាច្រើនកន្លែង ដោយមូលហេតុខឹងក្មេងស្រីទាំង២នាក់ ធ្វើឲ្យសត្វសារិកាកែវងាប់ចំនួន ២ក្បាលព្រោះ ភ្លេចដាក់ចំណីសុី និងទឹកឲ្យផឹក ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន បានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់រួចរាល់ ។
អាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មាន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕