(ភ្នំពេញ )៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ ម្ចាស់ក្រុមហ៊ុនឈ្មោះស្រីអូន ដែលនាំចូលផលិតផលអាហារបំប៉នម៉ាក CooSea ដោយ កន្លងមកមានការផ្សព្វផ្សាយថា អាចព្យាបាលជំងឺរាប់សិបមុខ ជាពិសេសបានអួតថាខ្លួនមានច្បាប់ទទួលស្គាល់ត្រឹមត្រូវ។ប៉ុន្តែពេលនេះ បែកធ្លាយលិខិតរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានដាក់សំណើទៅក្រសួងសុខាភិបាល ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលខាងលើនេះទៅវិញ។
ដោយផ្អែកតាមលិខិតនោះបានបង្ហាញថាក្រុមហ៊ុនសម្រស់ធម្មជាតិបានបំពានទៅនិងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
មតិមហាជនមានការងឿយឆ្ងល់ថាអំពើនេះច្បាប់ចែង និងផ្តន្ទាទោសយ៉ាងដូចម្ដេច?តោះសូមធ្វើការស្វែងយល់ទាំងអស់គ្នា!
យោងតាមមាត្រា១០នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់បានចែងថា បុគ្គលទំាងឡាយណាដែលធ្វើធុរកិច្ចមិនត្រូវពាក់ពន្ធ័នឹងអំពើមិនសុចរិតដែលមានលក្ខណជាការបំភាន់ឬបោកបញ្ឆោតដល់សាធារណៈជន ទាក់ទងនឹងប្រភេទដំណើរការនៃការផលិត ចរិតលក្ខណៈ ភាពសមតាមបំណង បរិមាណ រង្វាស់រង្វាល់ក្រឹត ខ្នាត់ស្ដង់ដារ ឬគុណភាពនៃទំនិញឡើយ។
ចំណែកឯមាត្រា១២នៃច្បាប់ដដែលចែង អំពីអំពើនៃការអះអាងដោយបំភាន់ បុគ្គទាំងឡាយណាដែលបានធ្វើធុរកិច្ចមិនត្រូវផ្គត់ផ្គង់ ជម្រុញការផ្គត់ផ្គង់ឬជម្រុញការប្រើប្រាស់ទំនិញ ឬសេវា ដោយការអះអាងដោយបំភាន់ណាមួយដូចខាងក្រោម៖
-ទំនិញមានលក្ខណៈពិសេសដោយឡែកចំពោះប្រភេទ បទដ្ឋាន គុណភាព ចំណាត់ថ្នាក់ បរិមាណ សមាសធាតុ រចនាបថ មូដែល ឬទំនិញ នោះមានប្រវត្តិពិសេស ឬទំនិញនោះមានការប្រើប្រាស់ពិសេសកន្លងមកហើយ
-សេវានោះមានលក្ខណពិសេសដោយឡែងចំពោះប្រភេទ បទដ្ឋាន គុណភាព ទំហំ ឬសេវានោះត្រូវបានផ្គត់ផ្គង់ដោយបុគ្គលពិសេសណាមួយ ឬដោយបុគ្កលណាមួយដែលមានមុខជំនាញ ឬមានលក្ខណសម្បត្តិពិសេសក្នុងការធ្វើពាណិជ្ជកម្ម
-បុគ្គមានកេរ្តិ៍ឈ្មោះណាមួយ បានឯកភាពទទួលទំនិញឬសេវានោះរួចហើយ
-ទំនិញនេះជាទំនិញថ្មី ឬជាទំនិញត្រូវបានធ្វើឲ្យដូចថ្មី ឬជាទំនិញត្រូវបានផលិត បានបង្កើតឡើងបានកែច្នៃ នៅពេលវេលាពិសេសជាក់លាក់ណាមួយ
-សម្រាប់ការប្រើប្រាស់មានវត្ថុរណប មានការប្រើប្រាស់ច្រើនឬមានអត្ថប្រយោជន៍ច្រើន
-បុគ្គលណាមួយដែលបានឧបត្ថម្ភគំាទ្រ បានទទួលស្គាល់ បានបញ្ជាក់ ឬមានសម្ពន្ធ័ភាពជាមួយ
-ទំនិញឬសេវានោះ មានការទទួលស្គាល់អំពីថ្លៃ
-ទំនិញសេវានោះមានតម្រូវការច្រើន
-ទំនិញឬសេវានោះមានរួមបញ្ចូលឬមិនរួមបញ្ចូលនូវការធានារ៉ាប់រង សំណងទូទាត់ ឬដំណោះស្រាយសិទ្ធិ ឬលក្ខន័ផ្សេងៗទៀត
-ទំនិញមានប្រភពដើមពីទីកន្លែងណមួយ។
សូមបញ្ជាក់ផងដែរថា អំពើល្មើសទាំង២មាត្រាខាងលើនេះ មានចែងក្នុងផ្តន្ទាទោសតាមមាត្រា៤១ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស “ត្រូវទទួលព្រមានជាលាយលក្ខណ៍អក្សរ ចំពោះបុគ្គលណាដែលប្រព្រឹត្តអំពើមិនសុចរិតទាក់ទងសេវានិងទំនិញ ឬការអះអាងដោយបំភាន់ដូចមានចែងក្នុងមាត្រា ៩,១០,១១និងមាត្រា១២ ។ ក្នុងករណីទទួលរងព្រមានជាលាយលក្ខណ័អក្សរម្ដងរួចហើយនូវតែបន្តប្រើព្រឹត្តល្មើសតាមកថាខណ្ឌ័ទីមួយខាងលើនេះ ត្រូវព្យួរ ដក ហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ ។ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ២០,០០០ ,០០០ រៀល ចំពោះអំពើល្មើសកថាខណ្ឌ័ទី១ខាងលើនេះ ពាក់ព័ន្ធគុណភាព នឹងប្រភពដើមនៃទំនិញ
ប៉ុន្តែបើក្រសួងរកឃើញថា ក្រុមហ៊ុនសម្រស់ធម្មជាតិ មានការពាក់ព័ន្ធនិងអំពើមិនសុចរិតទាក់ទងនិងទំនិញ សេវា ឬការអះអាងដោយបំភាន់ ដោយសារការប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ដូច្នេះបើផ្អែកតាមមាត្រា៤២នៃច្បាប់ដដែលនេះត្រូវបានចាត់ទុកថាជាស្ថានទម្ងន់ទោសដោយដាក់ពន្ធនាគារពី ៦ ខែ ទៅ២ឆ្នាំនិងពិន័យជាប្រាក់១ ០០០ ០០០រៀលទៅ ៤ ០០០ ០០០ រៀល អំពើល្មើសកថាខណ្ឌ័ទី១នៃមាត្រា៤១ ក្នុងករណីបង្កប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពអ្នកប្រើប្រាស់ ។
ទោះជាយ៉ាងណា មហាជនកំពុងរងចាំមើលចំណាត់ការរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ “ក.ប.ប” ក្នុងសំណុំរឿងមួយនេះ៕
0
តោះ!ស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ដែលក្រសួងពាណិជ្ជកម្មរកឃើញលើផលិតផលអាហារបំប៉នCoosea សម្រស់ធម្មជាតិ
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម