ខេត្តស្វាយរៀង៖ រសៀលថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន ២៨នាក់ ក្នុងនោះ ថ្នាក់អនុសេនីយ៍ទោចំនួន ២៨នាក់។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងអាវុធហត្ថខេត្តបានធ្វើការផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាមត្រូវផ្សព្វផ្សាយដល់កម្លាំងក្រោមឱវាទត្រូវយកចិត្តទុកដាក់លើពលករចំណាកស្រុកមកពីប្រទេសវៀតណាម ឱ្យចូលធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអំពាវនាវឱ្យអាវុធហត្ថទាំងអស់ ដាស់តឿនក្រេីនរំលឹកដល់បងប្អូន ក្រុមគ្រួសារសាច់ញាតិត្រូវថែរក្សាអនាម័យសុខភាពឱ្យបានល្អ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។