ភ្នំពេញ ៖ ពិតជាថ្លើមធំមែន! ចោរប្រដាប់អាវុធហ៊ានធ្វើសកម្មភាពប្លន់កណ្តាលក្រុង បង្កឲ្យមានការភិតភ័យដល់បុគ្គលិកធនាគារ និងផ្ទះវីងវេរលុយមួយកន្លែង នៅខណ្ឌមានជ័យ។
ដោយឡែក កាលពីម្សិលមិញមានស្ត្រីម្នាក់ បានយកបងប្អូនមកសម្រាកនៅមន្ទីរពេទ្យមិត្តភាពភាពកម្ពុជា-សូវៀត ត្រូវបានក្រុមចោរបានធ្វើសកម្មភាពឆក់កាបូបយកលុយចំនួន២០០ដុល្លារបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព នៅចំណុចផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ លុះនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រាប់តែលេចមុខក្រុមចោរប្លន់បានមកធ្វើសកម្មភាពប្លន់ផ្ទះវីងមួយកន្លែង ជាប់និងធនាគារ ABA ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ដោយសារស្ថានភាពមិនអំណោយផល ហើយមានការកកស្ទះចរាចរណ៍ផងដែរនោះ ទើបធ្វើឲ្យជនសង្ស័យរត់ចោលម៉ូតូ Scoopy មួយគ្រឿង និងអាវុធខ្លីមួយដើម នៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះវីងវេរលុយខាងលើ បានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមៗនោះកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានសហការណ៍ជាមួយមួយកម្លាំងអាវុធហត្ថក្រុង ចុះមកធ្វើកំណត់ហេតុ និងបើកការស្រាវជ្រាវមុខសញ្ញាចោរប្លន់ខាងលើ និងយកម៉ូតូនិងអាវុធរបស់ជនសង្ស័យ ដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕