ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយបាន បង្ហើបប្រាប់ថា លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានហៅ លោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវទទួលផ្នែកសេនាធិការ មកសាកសួររឿងករណីគំរាមសម្លាប់លោក លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឫស្សីកែវ គ្រាន់តែអន្តរាគមន៍ដោះលែងអ្នកស្រវឹងម្នាក់មិនបាន ។
លោក ចាន់ ពៅ ត្រូវឯកឧត្តមស្នងការក្រុងដាក់ពិន័យខាងកងកម្លាំង និង ផ្អាកការងារបណ្តោះអាសន្នសិននេះបេីតាមប្រភពច្បាស់ការបានទំលាយដោយដឹងនៅព្រលប់ថ្ងៃទី៤កញ្ញាឆ្នាំ២០១៩នេះ។
លោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវ ដែលជាអ្នកកាន់ច្បាប់បែរជាល្មើសច្បាប់ទៅវិញ ហ៊ានគំរាមសម្លាប់លោក លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឫស្សីកែវ គ្រាន់តែរឿងបន្តិចបន្ទួចសោះ ។
បញ្ហានេះ លោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៤ ខែកញ្ញា នេះ ថា ពិតជាមានរឿងនេះ កើតឡើងមែន តែមិនធំដុំទេ គ្រាន់តែជាការលេងសើចរវាងមេនិងកូនចៅ ប៉ុណ្ណោះ ។
លោក គល់ យី បន្តថា ក្រោយពីបានជួបគ្នាហើយរវាងលោក ចាន់ ពៅ និង លោក លី រ៉ូហ្សាត រួចហើយ គឺ ពួកគាត់ទាំង២នាក់ មិនមានការប្តឹងផ្តល់គ្នាទេ ពោលគឺ អ្វីៗត្រូវបានបញ្ចប់ដោយសន្តិវិធី ។
គួររំលឹកផងដែរថា មុនពេលកើតហេតុនៅយប់ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មុខវិទ្យាល័យឫស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលមានលោកស្នងការរងនិងលោកអធិការរងទទួលផ្នែកចរាចរណ៍ជាអ្នកដឹកនាំបញ្ជា។
បន្ទាប់ពីអនុវត្ដបានប្រហែលជាកន្លះម៉ោង កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានពិនិត្យឃើញ អ្នកមានជាតិស្រវឹង លើស កម្រិត ចំនួន៣នាក់ ដែលជាអ្នកបើកម៉ូតូ ក្នុងនោះ មានម្នាក់មិនបានសហការផ្លុំទេ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានធ្វើការបញ្ជូនទៅស្នងការដើម្បីចាត់ការតាមផ្លូវច្បាប់។
បន្ទាប់ពីបញ្ជូនអ្នកដែលមានជាតិស្រវឹងលើសកំរិតបានមួយ សន្ទុះ ស្រាប់តែលោក ចាន់ ពៅ អធិការរងនគរបាលខណ្ឌឫស្សីកែវ បានទូរស័ព្ទមកលោកនាយផ្នែក ដោយបញ្ជា អោយដោះលែងមនុស្សម្នាក់ ដែលមានជាតិស្រវឹងលើសកំរិត ។
ក៏ប៉ុន្ដែលោកនាយផ្នែកបានប្រាប់ទៅវិញថា គាត់គ្មានសិទ្ធិដោះលែងទេ គាត់គ្រាន់តែជានាយផ្នែក ហើយក៏អោយលោកអធិការរងរូបនោះ ទូរស័ព្ទទៅលោកអធិការងទទួលផ្នែកចរាចរណ៍ ដែលកំពុងដឹកនាំទៅលោកអធិការរងរូបនោះ ក៏បានបិទទូរស័ព្ទទាំងខឹងយ៉ាងខ្លាំង។
មួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសម្នាក់ដែលមានជាតិស្រវឹងលើសម្នាក់ក្នុងចំណោម៣នាក់ដែលកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការនោះត្រឡប់មកវិញយ៉ាងរំភើយ។
ក្រោយមកលោកអធិការរងរូបនេះ បានផ្ញើសារសម្លេងគំរាមសម្លាប់ជាច្រើនដង មកលោកនាយផ្នែក ធ្វើអោយលោកនាយផ្នែកមានការភិតភ័យយ៉ាងខ្លាំង ព្រោះអីធ្លាប់ដឹងហើយថា កន្លងមកអធិការរងរូបនេះធ្លាប់ បាញ់គំរាមមន្ត្រីប៉ូលិស រួចមកហើយគ្មាននរណាហ៊ានធ្វើអ្វីលោកអធិការរងរូបនេះឡើយ ធ្វើអោយលោកអធិការរងរូបនេះឡើងចាងគំរាមសម្លាប់គេឯងជាបន្តបន្ទាប់។
ទេីបនៅល្ងាចថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩នេះឯកឧត្តម សថេត
អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកោះហៅលោកចាន់ពៅដែលពូកែគំរាមបាញ់សម្លាប់កូនចៅទៅសាកសួរនៅស្នងការក្រុងជុំវិញករណីនេះ។
រួចហើយបានសម្រេចដកបញ្ឈរជើងលោកចាន់ពៅតាមវិន័យកងកម្លាំងតែម្តង៕អត្ថបទ÷ប៉ក់ចំរ៉ុង