ខេត្តកណ្ដាល៖ បន្ទាប់ពីបានរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩បន្ថែមទៀត ចំនួន ៦៤ នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង ៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៦នេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន៖ កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាសុីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។ ហើយចំពោះកាស៊ីណូ ទាំងអស់នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យ ចេញចូលក្នុងភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅនេះ។ ជាងនេះទៅទៀត បុគ្គលិកកំពុងបម្រើការងារនៅក្នុងកាស៊ីណូទាំងអស់ និងជនបរទេស ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់កាស៊ីណូទាំង៦ ត្រូវអនុវត្តឱ្យបាន នៅពេលកំពុងធ្វើចត្តឡីស័ក មិនត្រូវឱ្យពួកគាត់ ចេញពីបន្ទប់ពេលកំពុងធ្វើចត្តាឡីស័កឡើយ ព្រោះថាកន្លងមកការកើនឡើងនៃអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងស្រុកកោះធំ បណ្ដាលមកពីគាត់ពេលកំពុងធ្វើចត្តាឡីស័ក នឹងបានធ្វើការចល័តចេញពីក្នុងបន្ទប់ នៅក្នុងអាគារតែមួយ។
សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៣១៩នាក់ យកសំណាកបាន ១៣៧៤៩នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៧១៧នាក់ នៅផ្ទះចំនួន ១២១១៩នាក់ មានករណីវិជ្ជមានចំនួន ១៧៤នាក់ និងករណីជាសះស្បើយចំនួន ៣នាក់។