(រាជធានីភ្នំពេញ)មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់នោះ ទី១ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, អ្នកជំងឺតេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។
ទី២ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ រកឃើញជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ និងបានស្លាប់នៅវេលាម៉ោង៧៖៤៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។
សូមបញ្ជាក់ថា បើរាប់ទាំង២ករណីថ្មីនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៧នាក់ហើយ៕