កណ្តាល៖ លោកអនុសេនីយ៍ឯក អ៊ុន សំអាត បម្រើការងារនៅការិយាល័យពិនិត្យភាគនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រោះតែខឹងឆ្កែព្រុសដេញខាំ បានទាញកាំភ្លើងខ្យល់បាញ់៤គ្រាប់ នាំអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្មានតែមានករណីអ្វីកើតឡើង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានប្រាប់ ថា មុនពេលកើតហេតុ ពួកគាត់បានឃើញលោក អ៊ុន សំអាត ជិះម៉ូតូមកដល់កន្លែងកើតហេតុ ស្រាប់តែមានសត្វឆ្កែព្រុស ធ្វើអោយលោក អ៊ុន សំអាត ខឹងយ៉ាងខ្លាំង រួចក៏បានជិះម៉ូតូទៅផ្ទះ ចូលមកយកកាំភ្លើង មកបាញ់សត្វឆ្កែ ចំនួន៤គ្រាប់ តែម្តង តែសំណាងសត្វឆ្កែ រត់រួច ។ ពួកគាត់បន្ថែមថា បើសិនជាគ្រាប់កាំភ្លើងនោះខ្ទាតចំពលរដ្ឋ វិញ គឺ ប្រាកដជាមានគ្រោះថ្នាក់ តែម្តង ព្រោះពលរដ្ឋ បានឈរនៅក្បែរនោះ ។
ពាក់ព័ន្ធបញ្ហានេះ លោកអនុសេនីយ៍ឯក អ៊ុន សំអាត ថ្លែងប្រាប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ថា លោកពិតជាបានយកកាំភ្លើងខ្យល់បាញ់សត្វឆ្កែ ពិតមែន ដោយសារលោកខឹងសត្វឆ្កែ ដេញខាំគាត់អោយគាត់រងរបួស ។
ទន្ទឹមនេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ថា លោកបានអោយប៉ូលិសប៉ុស្តិ៍ ធ្វើការងារនេះហើយ និង បានហៅលោក អ៊ុន សំអាត មកធ្វើការសាកសួរបន្ថែម៕