រាជធានីភ្នំពេញ៖ ផ្ទះលក់ តេឡេកូម សប យីហោ មករា ត្រូវបានអគ្គិភ័យឆាបឆេះ បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនាំគ្នាជួយអន្តរាគមន៍។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៧និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលក់ តេឡេកូម ន៊ប ផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ផ្ទះលក់ តេឡេកូម សប យីហោ មករា នោះមានឈ្មោះ សៀន សេរីរតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អាជីវករលក់ វិទ្យុទាក់ទង ស្នាក់នៅផ្ទះកើតហេតុផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
លោកវរសេនីយ៍ឯក បានបន្តទៀតថា ចំពោះមូលហេតុកើតឡើងដោយអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បានបណ្តាលឲ្យរងការខូចខាតស្ទេីតែទាំងស្រុងផ្ទះជាន់ផ្ទាល់ដី, រួមទាំងសម្ភារៈឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង ដោយនៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៩គ្រឿង ក្នុងនោះរួមមានរថយន្តការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង, រថយន្តក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង, រថយន្ត OCIC ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង, រថយន្តផ្សារទំនេីបអូឡាំព្យា ចំនួន ២គ្រឿង, រថយន្តក្រុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង និងប្រើប្រាស់ទឹកអស់ ១៥០គូប ទើបរលត់ជាស្ថាពរ រយៈពេលជាង១ម៉ោង ផលលំបាកនៃការជួយបាញ់ពន្លត់ឲ្យបានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងផ្ទះជាគ្រឿងជ័រ និងទីតាំងក្នុងផ្ទះចង្អៀត៕