ជធានីភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួនខណៈដែលជនទាំងនេះចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដំណើរតាមផ្លូវ ហើយជួបកម្លាំងនគរបាលខាងលើកំពុងល្បាតទប់ស្កាត់ពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ទើបត្រូវអស់លក្ខណ៍តែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវជាប់អន្ទាក់ទាំង៤នាក់នោះរួមមាន៖ទី១,ឈ្មោះផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ទី ២,ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ ។ទី ៣,ឈ្មោះចំរើន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី៤,ឈ្មោះភឿន សុភ័ក្រ្ក ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សំភារៈដកហូតបានម៉ូតូម៉ាកហុងដាស្គូបពីដែលជាមធ្យោជិះធ្វើសកម្មភាពចំនួន២គ្រឿងគឺមានស៊េរីឆ្នាំ២០១៩ ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-6580 ១គ្រឿង និងស៊េរីឆ្នាំ២០២០ ពណ៍លឿងពាក់ស្លាកលេខភ្នំពេញ1II-2348 ១គ្រឿង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ លោក វរសេនីយ៍ត្រី ទូច ទី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបទី១ បានដឹកនាំមន្ត្រីនៅក្រោមឱវាទ ចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ពេលនោះគ្រាន់តែបានឃើញកម្លាំងនគរបាលភ្លាមជនសង្ស័យទាំងនេះបានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបាននគរបាលដេញធ្វើការឃាត់ខ្លួនបានភ្លាមៗរួចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១តែម្ដង។
ក្រោយពេលឃាត់ខ្លួនសួរនាំជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានសម្រេចជាច្រើនលើករួចមកហើយ។ ដោយឡែកពេលនេះបម្រុងធ្វើសកម្មភាពឆក់ទៀត ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបែបនេះ ។បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យខ្លះៗហើយនគរបាលបាននិងកំពុងបន្តការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញបន្តចាត់ការតាមច្បាប់៕