រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ កក្កដា ២០២១ បានប្រកាសដកតំណែងលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយផ្ចាញ់ផ្ចាលសពលោក ហុង ថែម ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុកថា «ខ្ញុំបានចូលរួមរំលែកទុក្ខ តាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូប បានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេ នាឆ្នាំ១៩៧៩ ។ ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញ ក៏មិនព្រមដកដែរ ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួង បានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម ជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌» ។
សូមជម្រាបដែរថា នៅលើគណនីហ្វេសប៊ុករបស់លោក ឌុច សុវណ្ណារី កាលពីម្សិលមិញបានបង្ហោះសារថា «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ ដែលតែងតែអគតិចំពោះកូនចៅ ក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាល ដូចជាតិនេះទៀត» ។
គួររម្លឹកផងដែរថា លោក ហុង ថែម ជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ កក្កដា ២០២១ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ។ បុណ្យសព លោក ហុង ថែម ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ៕