ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នូវលើដងផ្លូវ៦០ម៉ែត្រ មានក្រុមអ្នកបើកបរឡានធំជាច្រើននាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ារឿងមកដល់ក្រសួងសាធារណការ ចាប់ឡានដឹកខ្សាច់របស់ពួកគេ ហើយផាកពិន័យយ៉ាងតឹងរឹង និងឃាត់យកទៅរក្សាទុករថយន្តអស់រយៈពេលមួយឆ្នាំ។
តាមបដាស្នើសុំគឺមានសរសេរថា សូមស្នើសុំ ក្រសួងសាធាណការ មេត្តាជួយបន្ធូរបន្ថយទៅលើការដឹកជញ្ជូន ដី ខ្សាច់ នឹងថ្មរបស់ពួកគេ
សូមសម្ដេចពុកជួយដោះស្រាយបញ្ហាជញ្ជីងឲ្យកូនចៅក្រុមឡានដឹកដីបានដឹកវិញផង ហើយការស្នើសុំរបស់ពួកគាត់មានចំនួន ៣ ចំណុច។
ទី១-កុំចាប់ឡានទុករយៈពេលមួយឆ្នាំ
ទី២-ត្រឹមពិន័យជាទឹកប្រាក់បានហើយ
ទី៣-សុំក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុនផង។
ក្រោយការតវ៉ានេះ មហាជនចោទជាសំណួរសួទៅវិញថា តើពួកគាត់សព្វនេះមិនដែលចូលរួមគោរពច្បាប់ផងនឹង គិតតែពីសុំការលើកលែងបែបនេះ មិនគួរទទួលយកបាននោះទេ ប្រសិនបើពួកគាត់នូវតែមិនគោរពច្បាប់យ៉ាងនេះ គ្មាននរណាទៅហ៊ានប៉ះពាល់ពួកគាត់ទេ ហើយកន្លងមកផលប៉ះពាល់ដែលបង្កឡើងដោយក្រុមឡានដឹកខ្សាច់នេះ តើពួកគាត់ជាអ្នកទទួលខុសត្រូវដែរឬទេ? យ៉ាងណាសង្ឃឹមថា នឹងមានដំណោះស្រាយល្អទាំងអស់គ្នា ។
ការតវ៉ានេះធ្វើឡើងក្រោយពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នោះថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែឬបណ្ដាញរបស់នរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងនូវការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចណាម្នាក់ដឹកលើសទម្ងន់ឡើយ។
ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកមាន ឬឡានអ្នកក្រ អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីទៀតឡើយ ព្រោះរថយន្តដឹកលើសទាំងនោះធ្វើឱ្យខូចផ្លូវដូចតែគ្នា៕