(ខេត្តស្វាយរៀង)÷ ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ទេនោះគឺឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ ជាងនេះទៅទៀតអំពើពុករលួយរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន គឺមានការឃុបឃិតជាមួយលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះ។
ប្រភពពីមន្រ្តីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការដែលលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ហ៊ានប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងរលូនគឺដោយសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំច្រើនឆ្នាំមកហើយ។ ជាក់ស្តែងអំពើពុករលួយរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ប៉ុន្តែលោក កឹង ឃន បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ បញ្ហានេះជារឿងដែលនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេព្រោះរឿងអាស្រូវពុករលួយរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ត្រូវបានលាតត្រដាងជាសាធារណៈរួចទៅហើយ។
ប្រភពស្និទ្ធនឹងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន បានឲ្យដឹងថា លោក គង់ ណារិន្ទ តែងយកឈ្មោះ លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ទន្ទេញជាប់មាត់ដើម្បីការពារទង្វើរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗសុទ្ធតែមានទំនាក់ទំនងជិះស្និទ្ធជាមួយលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ដើម្បីពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងទំនិញក្លែងក្លាយតាមច្រកបុសមន យ៉ាងពេញបន្ទុក៕ប្រភពពីAN HotNews