(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្ត មួយគ្រឿង ម៉ាក តាកូម៉ា បេីកទៅបុករះជាមួយរថយន្ត ៣គ្រឿងទៀតបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្ត មួយគ្រឿង ម៉ាក Tacoma ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AU-2256 បេីកបរក្នុងទិសដៅពីជេីងទៅត្បូង ខណៈពេលបេីកមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរថយន្តខាងលេីបានទៅបុកពីក្រោយគូទរថយន្ត Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2088 ដែលបេីកបរក្នុងទិសដៅស្របគ្នា ហេីយរថយន្ត Tacoma ក៏បានបេីកថយក្រោយ ក្នុងគោលបំណងបេីករត់គេចខ្លួន តែក៏បានទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-6633 បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងបែកស្តុបក្រោយ រួចរថយន្ត Tacoma ក៏បន្តបេីករត់គេចទៀត ក៏ទៅបុកជាមួយរថយន្ត មួយគ្រឿងទៀតម៉ាក Infinitl QX56 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8118 បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ទេីបរថយន្ត Tacoma ខាងលេីមិនអាចបន្តដំណេីរទៅមុខទៀតបាន។ ក្រោយកេីតហេតុ អ្នកបេីកបររថយន្តម៉ាក Tacoma ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនតែម្តង។
ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកេីតហេតុ និងបានឃាត់ខ្លួនជនបង្កយកទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី១ និងបានហៅជំនាញការិយាល័យនគរបាលចរាចរណ៍ជេីងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យជំនាញ ដេីម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។