កំពង់ស្ពឺ៖) ឧប្បតិ្តហេតុដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ គឺរថយន្តដឹកកម្មករកម្មការិនីរោងចក្រមានចំនួន៦០នាក់ បុកគ្នាពេញទំហឹងជាមួយនឹងរថយន្តដែលមានទម្ងន់២/៥តោន បណ្ដាលឱ្យកម្មករម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងកម្មករជាច្រើននាក់ទៀតបានរងរបួសធ្ងន់និងស្រាលជាច្រើននាក់ទៀតត្រូវបានរថយន្តសាមុយកំពុងតែជួយសង្គ្រោះបន្ទាន់នៅឯគ្លីនិចឯកជនដែលនៅជិតនឹងទីតាំងកន្លែងកើតហេតុនឹងជាច្រើននាក់ទៀតត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ-៣-នឹងលេខ-៤- ក្នុងភូមិសំរោង ឃុំត្រពាំងគង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្រោយពេលឈូកឧប្បត្ដិហេតុនេះនៅមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញរថយន្តមានទម្ងន់២/៥តោន មួយគ្រឿងដឹកកម្មករកម្មការិនីរោងចក្រ បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតមានទម្ងន់២/៥តោនដូចគ្នាបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់គ្នាជ្រុលមកបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ នៅក្នុងហេតុការណ៍គួរឱ្យរន្ធត់មួយនេះបណ្ដាលឱ្យកម្មករម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯកម្មករនិងកម្មការិនីរោងចក្រជាច្រើននាក់ទៀតបានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅកាន់គ្លីនិចឯកជន និងខ្លះទៀតត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមហើយរួមសហការគ្នាជាមួយកម្លាំងនគរបាលចរាចរណ៍ ដើម្បីជួយធ្វើការសម្របសម្រួលនៅតាមដងផ្លូវកុំឱ្យមានការកកស្ទះ រួចទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺឱ្យចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តដែលរងការខូចខាតទាំងពីរគ្រឿងនោះយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសាកសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា