ភ្នំពេញ៖)បុរសម្នាក់កំពុងតែបើករថយន្តដឹកឥដ្ឋមួយគ្រឿងបើកធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តFord RANGER ដែលកំពុងបត់ឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១៥នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ បុរសម្នាក់បើករថយន្តម៉ាកFord RANGER ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BF-2933 បើកធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានបុរសម្នាក់បើករថយន្តដឹកឥដ្ធពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0284 បើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តFord RANGER នោះចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ហើយក៏បានទុកពេលវេលានេះឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងនៅតែមិនព្រមត្រូវគ្នាសោះ ទើបទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធានរាជធានីភ្នំពេញឱ្យចុះមកមកធ្វើការវាស់វែងនឹងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា