ភ្នំពេញ៖) បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានជ្រុលទៅមុខជាមួយនឹងរថយន្តដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង១៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក្នុងសង្កាត់ទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងបានឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡុងគ្រីស័រពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AM-0595 បើកបរដោយបុរសម្នាក់កំពុងតែបត់ឆ្លងផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ផលិតនៅឆ្នាំ២០២០ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IE-5718 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹងបណ្ដាលឲ្យរថយន្តហើយនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ម្ចាស់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលហើយ ក៏បានធ្វើការវាស់វែងរួចរាល់ទើបយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាល ខណ្ឌពោធ៌សែនជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា71